សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាព ក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ ជាង ១៦០០នាក់
AKP សៀមរាប ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦--សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យចំនួន ១ ៦២០ នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលប្រជុំ នៃសណ្ឋាគារសុខាសៀមរាប។

គួរបញ្ជាក់ដែរថា នេះជាបេសកកម្មលើកទី១៣ និងចំនួន១៥ ខេត្ត ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួង ស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដោយផ្ដើមពីខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្ដាល សៀមរាប និងខេត្ដឧត្តរមានជ័យ ។ គោលបំណងនៃការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការរបស់សម្តេចតេជោនាពេលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀត ក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំម្លឹកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ នាថ្ងៃនេះសាជាថ្មី។ សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ ទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក។ សម្តេចតេជោក៏បានក្រើនរម្លឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ សម្តេចតេជោក៏បានណែនាំអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រមទាំងអតីតយុទ្ធជន និង ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគេផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា និងចូលរួមថែរក្សាឱ្យបានគង់វង្ស។ សម្តេចក៏បានរម្លឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។
សម្តេចតេជោ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា និងចូលរួមថែរក្សាឱ្យបានគង់វង្ស ព្រមទាំងបានរម្លឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។

បើតាមរបាយការណ៍របស់អាជ្ញាធរខេត្តសៀមរាប បានឱ្យដឹងថា ខេត្តសៀមមានទំហំផ្ទៃដីសរុបចំនួន១០ ២៩៩,៤៣គីឡូម៉ែត្រក្រឡា មានក្រុងចំនួន២ ស្រុកចំនួន១១ សង្កាត់ចំនួន១៤ ឃុំចំនួន៨៦ ស្មើនឹង ៩១០ភូមិ។ ខេត្តសៀមរាប មានព្រំប្រទល់ខាងជើងជាប់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ខាងត្បូងជាប់ខេត្តបាត់ដំបង និងបឹងទន្លេសាប ខាងកើតជាប់ខេត្តកំពង់ធំ និងខេត្តព្រះវិហារ និងខាងលិចជាប់ខេត្តបន្ទាយមានជ័យ។ នៅឆ្នាំ២០២៥ ខេត្តសៀមរាប មានផលិតផលក្នុងស្រុកសរុបប្រមាណ ២ ៧៥៤ លានដុល្លារ និងផលិតផលសរុបសម្រាប់មនុស្សម្នាក់ៗមានប្រមាណ ២ ១៩១ ដុល្លារ។ ដោយឡែកខេត្តឧត្តរមានជ័យ មានទីតាំងស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា មានចម្ងាយ ៤៦៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានព្រំប្រទល់ខាងកើតជាប់ខេត្តព្រះវិហារ ខាងលិចជាប់ខេត្តបន្ទាយមានជ័យ ខាងត្បូងជាប់ខេត្តសៀមរាប។ ខេត្តឧត្តរមានជ័យជាខេត្តមានស្ថានភាពសេដ្ឋកិច្ចលំដាប់ទាបជាងគេទូទាំងប្រទេស។
ខេត្តនេះ មានច្រកទ្វារអន្តរជាតិសំខាន់ៗចំនួន៣ រួមមាន ច្រកទ្វារអន្តរជាតិអូរស្មាច់ ច្រកទ្វារព្រំដែនជាំ ស្ថិតនៅក្នុងស្រុកអន្លង់វែង និងច្រកទ្វារព្រំដែនជប់គគីរ ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល៕
ដោយ៖ ជឹម ណារី





