សម្ដេចធិបតី ជឿជាក់យ៉ាងមុតមាំថា ប្អូនៗនិស្សិត នឹងយកចំណេះជំនាញដែលក្រេបជញ្ជក់បាន ទៅបម្រើមាតុភូមិ ដោយប្រកាន់ខ្ជាប់នូវ សីលធម៌វិជ្ជាជីវៈ វិន័យ និង មនសិការស្នេហាជាតិ
AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភី សរុបចំនួន ២.០០១នាក់ (នារី ១.១២៥នាក់ ) នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង។
ថ្លែងក្នុងពិធីនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យ ក្នុងការបំពេញតួនាទីយ៉ាងសំខាន់ដើម្បីកសាងមូលដ្ឋានចំណេះដឹង បណ្តុះបណ្តាលជំនាញ ព្រមទាំងអប់រំសីលធម៌វិជ្ជាជីវៈ និងវិន័យដល់យុវជនកម្ពុជា ឱ្យក្លាយជាធនធានមនុស្សដែលមានសមត្ថភាពពេញលេញ និងជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយជាតិរយៈពេលវែងរបស់រាជរដ្ឋាភិបាល ជាពិសេស គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ២០២២-២០៣០ និង គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើនជាបន្តបន្ទាប់របស់ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង ជាពិសេសការទទួលបាន គម្រោង SATREPS ពីអង្គការ JICA និង JST នៃរដ្ឋាភិបាលជប៉ុន ដែលសបញ្ជាក់យ៉ាងច្បាស់ពីភាពត្រឹមត្រូវលើការដឹកនាំ ការគ្រប់គ្រង និងទិសដៅយុទ្ធសាស្ត្ររបស់សាកលវិទ្យាល័យ។ បន្ថែមលើសពីនេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍សម្តេចតេជោ ដើម្បីចែករំលែក និងផ្តល់ឱកាសសិក្សាដល់ក្មួយៗសិស្ស-និស្សិតមកពីគ្រួសារក្រីក្រ ដែលកាយវិការនេះមិនត្រឹមតែបើកទ្វារអាជីពជូនដល់យុវជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារបានមួយកម្រិតធំផងដែរ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្ថែមថា សមិទ្ធផលរបស់និស្សិតជ័យលាភីនាពេលនេះ មិនមែនជាការពុះពាររបស់ប្អូនៗតែឯងនោះទេ, ប៉ុន្តែគឺជាផ្លែផ្កានៃ ការគាំទ្រ ការលះបង់ និង ការលើកទឹកចិត្ត របស់ មាតាបិតា អាណាព្យាបាល, ព្រមទាំង ការខិតខំ និង ទទួលខុសត្រូវខ្ពស់ របស់សាកលវិទ្យាល័យផងដែរ, ពោលគឺ «សញ្ញាបត្រមួយសន្លឹក គឺជាសមិទ្ធផលរួមគ្នា នៃការខិតខំរបស់និស្សិត, ការបង្រៀនរបស់សាស្ត្រាចារ្យ, និង ការលះបង់របស់អាណាព្យាបាល និង ក្រុមគ្រួសារ» ។ ក្នុងន័យនេះ សម្តេច បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះនិស្សិតជ័យលាភីនាឱកាសនេះ និងជឿជាក់យ៉ាងមុតមាំថា ប្អូនៗនិស្សិតជ័យលាភីនឹងយកចំណេះជំនាញដែលក្រេបជញ្ជក់បានទៅបម្រើមាតុភូមិ ដោយប្រកាន់ខ្ជាប់នូវ សីលធម៌វិជ្ជាជីវៈ វិន័យ និង មនសិការស្នេហាជាតិ ។ ម៉្យាងទៀត, ការសិក្សាជាសកម្មភាពពេញមួយជីវិត ពីព្រោះ ពេលណាក៏ដោយ ក៏ត្រូវរៀន, ក៏ត្រូវយល់ដឹង, និង ក៏ត្រូវស្រាវជ្រាវ ដោយត្រូវចងចាំថា «កុំរៀនដើម្បីតែបានសញ្ញាបត្រ, ប៉ុន្តែត្រូវរៀនដើម្បីឱ្យមានសមត្ថភាព និង អាចធ្វើការបាន» ។
សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះគុណភាពអប់រំនៅកម្ពុជា តាមរយៈ ការតាមដាន វាយតម្លៃ និង កែលម្អ ជាប្រចាំ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីអប់រំនៅកម្ពុជា ប្រកបដោយ គុណភាព ប្រសិទ្ធភាព នវានុវត្តន៍ សមធម៌ និង ចីរភាព សំដៅធានាដល់ការអភិវឌ្ឍធនធានមនុស្ស ឱ្យមានជំនាញខ្ពស់ និង ឥរិយាបថល្អ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ក៏ដូចជា និន្នាការតំបន់ និង សកល ។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺមិនត្រឹមតែផ្តល់សញ្ញាបត្រដល់អ្នកសិក្សាប៉ុណ្ណោះទេ, ប៉ុន្តែត្រូវផ្តល់ ចំណេះដឹង ជំនាញ បទពិសោធ ឱកាសការងារ សមត្ថភាពសម្របខ្លួន និង ឱកាសរៀនសូត្រពេញមួយជីវិត ដើម្បីឱ្យអ្នកបញ្ចប់ការសិក្សា អាចឈរជើងក្នុងទីផ្សារការងារ ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស, និង អាចក្លាយជាកម្លាំងចលករពិតប្រាកដនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ។
ពាក់ព័ន្ធនឹងកិច្ចការពារប្រជាពលរដ្ឋ ពីបញ្ហាប្រឈមធំៗនាពេលកន្លងមក ទាំងក្នុងពេលមានសង្គ្រាមឈ្លានពាន និងគ្រោះធម្មជាតិ (ទឹកជំនន់) សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នៅតែប្រកាន់នូវអភិក្រមច្បាស់លាស់គឺ អាទិភាពទី១ គឺការសង្គ្រោះជីវិត,អាទិភាពទី២ គឺការមើលថែសុខទុក្ខ, ដឹកជញ្ជូនគាត់ទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងផ្តល់ជម្រក អាហារ និងការរស់នៅដោយសុវត្ថិភាព និងអាទិភាពទី៣ គឺការស្តារឡើងវិញ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងដំណាំកសិកម្ម។
ឆ្លៀតឱកាសនោះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងការវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធររដ្ឋបាលខេត្តបាត់ដំបង មន្ទីរជំនាញ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អាជ្ញាធរក្រុង-ស្រុក-ឃុំ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្ត ដែលបានខិតខំប្រឹងប្រែងធ្វើការយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងបានជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ទាំងក្នុងពេលមានសង្រ្គាមឈ្លានពាន និងគ្រោះទឹកជំនន់។ ព្រមជាមួយគ្នានេះ សម្រាប់ខេត្តបាត់ដំបង កន្លងមកក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការជាមួយ ADB លើគម្រោងមូលនិធិឥណទាន ដែលចាប់ពី២០១៩ដល់ខែកញ្ញា២០២៦ បានបញ្ចប់លើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធពីរជំហានរួចហើយ ដែលមានដូចជា ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់,ទីលានចាក់សំរាម និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជាដើម ហើយនៅឆាប់ៗ ខាងមុខនេះ នឹងត្រូវកសាង និងជួសជុលផ្លូវសំខាន់ៗចំនួន ២១ខ្សែ ក្នុងក្រុងបាត់ដំបង។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានអនុម័តថវិកាជាតិ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីកសាងផ្លូវចំនួន ៧ខ្សែបន្ថែមទៀត (ប្រវែង ១១គីឡូម៉ែត្រ) ដោយធ្វើទាំងប្រព័ន្ធលូ និងផ្លូវដំណាលគ្នា ដើម្បីធានាគុណភាពប្រើប្រាស់បានយូរអង្វែង។
មុននឹងបញ្ចប់ សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមថា គុណតម្លៃពិត នៃ “សន្តិភាព” គឺយើងបានស្គាល់កាន់តែច្បាស់ក្នុងពេលដែលយើងបានបាត់បង់សន្តិភាព ក្នុងកំឡុងពេលនៃសង្គ្រាមឈ្លានពាន ហើយប្រជាជនយើង ដែលបានជួបផ្ទាល់ និងរងផលប៉ះពាល់ផ្ទាល់ ទើបយល់ច្បាស់ និងកាន់តែចង់បានសន្តិភាព និងផ្តល់តម្លៃយ៉ាងធំធេងសម្រាប់សន្តិភាព។
ជាទីបញ្ចប់ សម្ដេចធិបតី បានមានប្រសាសន៍ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថា អាទិភាពចំពោះមុខរបស់កម្ពុជា គឺយើងនៅតែប្រកាន់ភ្ជាប់ ការដោះស្រាយ ដែលផ្អែកលើច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និងគោលការណ៍ដែលមានស្រាប់ដើម្បីទាមទារទឹកដីស្របច្បាប់របស់យើងត្រឡប់មកវិញ។ ក្នុងន័យនេះដរាបណាវិធីសាស្ត្រ នៃការប្រើការទូត និងយន្ដការច្បាប់អន្តរជាតិនៅមានប្រសិទ្ធភាព និងជាដំណោះស្រាយយូរអង្វែងសម្រាប់ផ្តល់ភាពយុត្តិធម៌ និងការប្រគល់ទឹកដីយើងត្រឡប់មកវិញ យើងនៅតែបន្តប្រើប្រាស់មធ្យោបាយនេះជាបន្ត។ ស្របជាមួយគ្នានេះ ដើម្បីឱ្យកិច្ចការកាន់តែមានប្រសិទ្ធភាព និងជាក់លាក់, សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ (AOT) ចុះទៅមើលការវាស់វែងដោយផ្ទាល់ និងជាសាក្សី ក្នុងដំណើរការនៃការវាស់វែងតាមយន្តការJBC៕

ដោយ៖ គង់ សិរីរ័ត្ន





