អាជ្ញាធរខេត្តកំពង់ឆ្នាំងចុះសួរសុខទុក្ខ គ្រួសារវីរៈកងទ័ពជួរមុខមានផ្ទៃពោះ
AKP កំពង់ឆ្នាំង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង យកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរដល់គ្រួសារវីរៈកងទ័ពជួរមុខ ជាភរិយាយោធិ មានផ្ទៃពោះជិតគ្រប់ខែ នៅមណ្ឌលសុខភាព ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នឈ២០២៦ អមដំណើរដោយប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី និងមន្ត្រីជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសារយោធិន ដោយសូមឱ្យមានសុខភាពល្អ មាំមួន ទាំងម្តាយទាំងកូន និងមានសុវត្ថិភាពចំពោះស្វាមីជាយោធិនដែលកំពុងប្រយុទ្ធយ៉ាងអង់អាចការពារទឹកដីពីសត្រូវសៀមឈ្លានពាន។

នេះហើយគឺជាទឹកចិត្តស្រឡាញ់ មេត្តា ករុណា ដែល រាជរដ្ឋាភិបាលមានចំពោះកងទ័ពគ្រប់ៗរូប ទោះនៅក្នុងកាលៈទេសៈណា គ្រប់ពេលវេលា គ្រប់ទីកន្លែង រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែបារម្ភគិតគូរ និងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់យោធិន រួមទាំងក្រុមគ្រួសារយោធិននៅទូទាំងប្រទេសផងដែរ។

ទន្ទឹមនឹងនេះឯកឧត្តមបានមានប្រសាសន៍បន្តថា ក្រោមការយកចិត្តទុកដាក់ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះគ្រួសារវីរៈកងទ័ព ប្រជាពលរដ្ឋជាជនភៀសសឹកដែលបានជម្លៀសខ្លួនចេញពីតំបន់ប្រយុទ្ធគ្នាក្នុងនោះមានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាពក៏ដូចជាដោះស្រាយទីតាំងស្នាក់នៅ ការហូបចុក និងសុខាភិបាលជូនបងប្អូនទាំងអស់គ្នា។
ជាមួយគ្នានេះ ក្នុងស្មារតីខ្មែរជួយខ្មែរ ស្មារតីខ្មែរតែមួយ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមបរិច្ចាគទាំងថវិកា និងកញ្ចប់ស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់នានាជាច្រើនទៀតជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ។
ក្នុងបរិបទនេះឯកឧត្តមអភិបាលខេត្តនិងមន្ត្រីអមដំណើរ បានផ្តល់ស្បៀងអារហារ និងរបស់របរប្រើប្រាសចាំបាច់ជាច្រើនជូនបងប្អូនគ្រួសារវីរៈកងទ័ព ក៍ដូចប្រជាពលរដ្ឋភៀសសឹកនៅទូទាំងប្រទេសផងដែរ ក្នុងនោះមាន ថ្នាំពេទ្យ តង់ មុង កន្ទេល អង្រឹង ក្រម៉ា ភួយ ខ្នើយ សាប៊ូ ដែកកេស ព្រមទាំងស្បៀងអាហារ មានអង្ករ ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ត្រីខកំប៉ុង មី សាច់ក្រក ឆៃប៉ូវ សៀងផ្អែមជាដើមនិងបានផ្ដាំផ្ញើដល់គ្រូពេទ្យជំនាញ ពិនិត្យដល់គ្រួសារកងទ័ពពិសេសស្ត្រីដែលមានផ្ទៃពោះជាប់ជាប្រចាំ៕
ដោយ៖ បៃ ស៊ីថុន





