ឯកឧត្តម គន់ គីម៖ ការបង្កើតផ្សារបណ្តោះអាសន្នជូនពលរដ្ឋភៀសសឹកជាង ៣ ០០០គ្រួសារ នៅស្រុកស្វាយចេក ជាយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការស្តារជីវភាពពលរដ្ឋឡើងវិញ
AKP បន្ទាយមានជ័យ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ -- នៅក្នុងដំណើរចុះត្រួតពិនិត្យផ្ទាល់លើវឌ្ឍនភាពនៃការរៀបចំផ្សារបណ្តោះអាសន្ន សម្រាប់បងប្អូនអាជីវករជាប្រជាពលរដ្ឋភៀសសឹកប្រមាណជាង ៣ ០០០គ្រួសារ ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានគូសបញ្ជាក់យ៉ាងស៊ីជម្រៅថា នេះគឺជាផែនការសកម្មភាពដោះស្រាយដ៏ច្បាស់លាស់មួយជំហានម្តងៗរបស់រាជរដ្ឋាភិបាល ដើម្បីធានាថាប្រជាពលរដ្ឋមិនត្រឹមតែមានជម្រកស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសសេដ្ឋកិច្ច និងលទ្ធភាពស្តារជីវភាពឡើងវិញយ៉ាងសមរម្យ។

នៅក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានមានប្រសាសន៍បញ្ជាក់ថា ផ្សារបណ្តោះអាសន្ននេះត្រូវបានបង្កើតឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត និងផ្ទាល់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានពន្យល់ពីគោលបំណងចម្បងថា ការរៀបចំផ្សារនេះឡើង គឺដើម្បីបង្កលក្ខណៈងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋឱ្យមានទីតាំងលក់ដូរជាលក្ខណៈប្រមូលផ្តុំ ដែលមានទីតាំងស្ថិតនៅចំកណ្តាលបរិវេណជិតផ្ទះបណ្តោះអាសន្នរបស់ពួកគាត់ផ្ទាល់តែម្តង ក្នុងភូមិសាស្ត្រឃុំស្លក្រាម។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់នោះគឺ «ការផ្សារភ្ជាប់រវាងការសង្គ្រោះ និងការអភិវឌ្ឍជីវភាព»។ ឯកឧត្តមបានលើកឡើងថា ផ្សារបណ្តោះអាសន្ននេះមិនមែនគ្រាន់តែជាកន្លែងលក់ដូរបណ្តោះអាសន្នធម្មតានោះទេ ប៉ុន្តែវាគឺជាផែនការយុទ្ធសាស្ត្រគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំទីតាំងលក់ដូរមួយដ៏សមរម្យ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងមានអនាម័យខ្ពស់។ វិធានការនេះ នឹងជួយការពារកុំឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកបាត់បង់ឱកាសប្រកបរបរចិញ្ចឹមជីវិត ព្រមទាំងជួយជំរុញចរន្តសេដ្ឋកិច្ចនៅក្នុងសហគមន៍ថ្មីនេះឱ្យមានភាពរស់រវើកឡើងវិញក្នុងល្បឿនមួយយ៉ាងលឿនបំផុត។

គួរបញ្ជាក់ថា តាមរយៈការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញផ្ទាល់ពីថ្នាក់ដឹកនាំនាពេលនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីសកម្មភាពមិនរារែករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈរនៅកៀកកិតជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយឯកោនោះឡើយ ពោលគឺការដោះស្រាយត្រូវបានធ្វើឡើងជាប្រព័ន្ធ ចាប់តាំងពីការផ្តល់ជម្រក រហូតដល់ការបង្កើតមុខរបរ និងការរៀបចំសណ្តាប់ធ្នាប់រស់នៅប្រចាំថ្ងៃជូនពួកគាត់ឱ្យមានភាពល្អប្រសើរឡើងវិញ៕

ដោយឈុនសារ៉ាត





