តម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិខ្មែរ នៅប្រទេសវៀតណាម ត្រូវបានថែរក្សា និងលើកកម្ពស់
AKP ភ្នំពេញ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ -- ក្នុងដំណើរការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ បក្សនិងរដ្ឋវៀតណាម តែងតែអះអាងបញ្ជាក់ថា វប្បធម៌របស់បណ្ដាជនជាតិភាគតិច គឺជាសមាសធាតុផ្សំនៃវប្បធម៌ជាតិ ជាធនធានផ្ទៃក្នុងដ៏សំខាន់ និងជាមរតកដ៏មានតម្លៃដែលរួមចំណែកបង្កើតភាពសម្បូរបែបចម្រុះ អត្តសញ្ញាណ និងឯកភាពនៃខឿនវប្បធម៌ជាតិវៀតណាម។

ជនជាតិខ្មែរ គឺជាជនជាតិភាគតិចមួយដែលមានចំនួនប្រជាជនច្រើននៅប្រទេសវៀតណាម មានប្រមាណជាង ១,៣ លាននាក់ ដែលរស់នៅប្រមូលផ្តុំភាគច្រើននៅតំបន់ភាគខាងត្បូង រួមមានខេត្តអានយ៉ាង ខេត្តកាម៉ៅ ក្រុង កឹនធើ ក្រុងដុងណាយ ខេត្តដុងថាប់ ខេត្តតីនិញ ក្រុងហូជីមិញ និង ខេត្តវិញឡុង។
កាលពីខែឧសភា ឆ្នាំ២០២៦ កន្លងទៅ នៅក្រុង កឹនធើ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ក្រសួងជនជាតិនិងសាសនា និងគណៈកម្មាធិការប្រជាជនក្រុង កឹនធើ បានសហការរៀបចំសន្និសីទស្តីពី «ការអភិរក្សនិងអភិវឌ្ឍន៍តម្លៃវប្បធម៌ប្រពៃណីជនជាតិខ្មែរ»។

ថ្លែងក្នុងសន្និសីទនេះ លោកស្រី ទ្រិញ ធី ធូយ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ វៀតណាម បានបញ្ជាក់ថា នេះគឺជាឱកាសមួយសម្រាប់វិស័យវប្បធម៌កីឡានិងទេសចរណ៍ ចាប់ពីថ្នាក់កណ្ដាលដល់មូលដ្ឋាន រួមគ្នាពិនិត្យនិងវាយតម្លៃយ៉ាងទូលំទូលាយអំពីស្ថានភាពនៃការងារអភិរក្ស និង អភិវឌ្ឍន៍តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរក្នុងរយៈពេលកន្លងមក ព្រមទាំងបញ្ជាក់យ៉ាងច្បាស់ពីលទ្ធផលដែលសម្រេចបាន ក៏ដូចជាចន្លោះខ្វះខាត ឧបសគ្គ និងមូលហេតុ ធ្វើការផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍និងផ្តល់ជាអនុសាសន៍និងដំណោះស្រាយសមស្របសម្រាប់ការអភិរក្សនិងអភិវឌ្ឍន៍តម្លៃវប្បធម៌របស់ជនជាតិខ្មែរ។ ផ្ដើមពីនោះ ឯកភាពគ្នាក្នុងប្រព័ន្ធនយោបាយទាំងមូល ទាំងក្នុងការយល់ដឹងនិងសកម្មភាពចំពោះតួនាទីនិងសារៈសំខាន់នៃការងារអភិរក្សវប្បធម៌ខ្មែរ ដោយចាត់ទុកថា នេះមិនត្រឹមតែជាភារកិច្ចផ្នែកវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភារកិច្ចនយោបាយ និងសង្គមដ៏សំខាន់ ដែលរួមចំណែកពង្រឹងមហាសាមគ្គីជាតិ និងការអភិវឌ្ឍប្រទេសជាតិផងដែរ។

ចែករំលែកក្នុងសន្និសីទនេះដែរ លោកស្រី ង្វៀន ធី ង៉ុក យៀប អនុប្រធានគណៈកម្មាធិការប្រជាជនក្រុង កឹនធើ បានឱ្យដឹងថា បន្ទាប់ពីការរៀបចំរដ្ឋបាលឡើងវិញ ក្រុង កឹនធើ មានបងប្អូនជនជាតិភាគតិចរស់នៅច្រើន ក្នុងនោះជនជាតិខ្មែរមានចំនួន ៥៤៣ ២៦៦ នាក់ ស្មើនឹង ១៤,១១% នៃចំនួនប្រជាជនសរុប។ បច្ចុប្បន្ននេះ ក្រុង កឹនធើ មានវត្តពុទ្ធសាសនាថេរវាទខ្មែរចំនួន ១២០ វត្ត។ ក្នុងចំណោមនោះ មានវត្តចំនួន ២ ត្រូវបានចាត់ចំណាត់ថ្នាក់ជាបេតិកភណ្ឌជាតិ គឺវត្តឃ្លាំងនិងវត្តមហាទប់ ឬវត្តសិរីតេជោមហាទុប ខណៈវត្តចំនួន ៩ ផ្សេងទៀតត្រូវបានចាត់ចំណាត់ថ្នាក់ជាបេតិកភណ្ឌថ្នាក់ក្រុង។
ក្នុងអំឡុងពេលកន្លងមក ការងារអភិរក្សនិងអភិវឌ្ឍន៍តម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិខ្មែរ ទទួលបានការយកចិត្តទុកដាក់ ហើយសម្រេចបានលទ្ធផលជាវិជ្ជមានជាច្រើន ជាពិសេស តួនាទីរបស់មន្ត្រីសង្ឃ អ្នកមុខអ្នកការសាសនា សិល្បករនិងអ្នកមានកិត្យានុភាពក្នុងសហគមន៍ត្រូវបានលើកកម្ពស់យ៉ាងខ្លាំងក្នុងការបង្ហាត់បង្រៀន ថែរក្សានិងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីទៅកាន់យុវជនជំនាន់ក្រោយ។
លោកបណ្ឌិត ង៉ូ សូ ផែ នាយិកានៃមហាវិទ្យាល័យ ភាសា វប្បធម៌និងសិល្បៈខ្មែរភាគខាងត្បូង និងមនុស្សសាស្ត្រ (សាកលវិទ្យាល័យត្រាវិញ) មានប្រសាសន៍ឱ្យដឹងថា ដោយបានលើកកម្ពស់តួនាទីរបស់គ្រឹះស្ថានអប់រំក្នុងការអភិរក្សតម្លៃវប្បធម៌របស់បងប្អូនជនជាតិខ្មែរ សាលាបានបន្តផ្តោតកាតរយកចិត្តទុកដាក់លើការងារបណ្តុះបណ្តាលធនធានមនុស្សកម្រិតបរិញ្ញាបត្រតាមមុខវិជ្ជាសំខាន់ៗ មួយចំនួនដូចជា៖ គរុកោសល្យភាសាខ្មែរ ភាសាខ្មែរ វប្បធម៌វិទ្យានិងការប្រគំឧបករណ៍ភ្លេងប្រពៃណី ក៏ដូចជាការបណ្តុះបណ្តាលថ្នាក់អនុបណ្ឌិតនិងបណ្ឌិតផ្នែកវប្បធម៌វិទ្យា។ ក្រៅពីនោះ មហាវិទ្យាល័យភាសា វប្បធម៌ សិល្បៈខ្មែរភាគខាងត្បូងនិងមនុស្សសាស្ត្រ (សាកលវិទ្យាល័យ ត្រាវិញ) ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងកម្មវិធីបង្រៀននិងសិក្សាស្រាវជ្រាវ ពង្រីកកិច្ចសហប្រតិបត្តិការលើកិច្ចការស្រាវជ្រាវអំពីភាសា វប្បធម៌ និងសិល្បៈខ្មែរ នៅភាគខាងត្បូងនៃប្រទេសវៀតណាម ព្រមទាំងជំរុញអនុវត្តន៍គោលនយោបាយទាក់ទាញធនធានមនុស្សមានគុណភាពខ្ពស់ កម្រិតបណ្ឌិតដែលជាជនជាតិខ្មែរ ឬអ្នកបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតលើវិស័យពាក់ព័ន្ធនឹងភាសាវប្បធម៌និងសិល្បៈខ្មែរ ឱ្យមកបម្រើការងារនៅតាមគ្រឹះស្ថានអប់រំ។
នៅក្នុងសន្និសីទនេះផងដែរ អ្នកចូលរួមជាច្រើនបានស្នើសុំឱ្យមានការបង្កើតក្រុមដំណោះស្រាយសំខាន់ៗ សម្រាប់អនុវត្តន៍នាពេលខាងមុខដូចជា ជំរុញការងារបណ្តុះបណ្តាលសិល្បករ និងអ្នកសម្តែងសិល្បៈខ្មែរគ្រប់ប្រភេទ ពង្រីកលំហ និងទម្រង់រូបភាពនេះជាសកម្មភាពសិល្បៈ អភិវឌ្ឍន៍ចលនាវប្បធម៌និងសិល្បៈនៅតាមមូលដ្ឋាន កែលម្អយន្តការ និងគោលនយោបាយគាំទ្រឱ្យសមស្របនឹងស្ថានភាពជាក់ស្តែង បង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឧបករណ៍ បង្កើតភាពងាយស្រួលសម្រាប់ការងារបណ្តុះបណ្តាលអោយគ្រឹះស្ថានអប់រំនិងបណ្តុះបណ្តាលសិល្បៈប្រពៃណីខ្មែរ។
ជាមួយគ្នានេះ ក៏មានមតិជាច្រើនក៏បានស្នើឱ្យខេត្តក្រុងនានា ផ្តោតការយកចិត្តទុកដាក់រលើកកម្ពស់តម្លៃវប្បធម៌ និងកែលម្អជីវភាពផ្លូវចិត្តរបស់បងប្អូនជនជាតិភាគតិចតាមរយៈពិធីបុណ្យប្រពៃណី លើកកម្ពស់តួនាទីវត្តអារាមខ្មែរ ដែលមិនត្រឹមតែជាកន្លែងគោរពបូជាដោយជំនឿតាមបែបព្រលឹងនិយមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាលំហវប្បធម៌សម្រាប់តភ្ជាប់សហគមន៍ផងដែរ។
ពិធីបុណ្យប្រពៃណីផ្សេងៗ ដូចជាបុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា អកអំបុក សែនព្រះខែ ប្រណាំងទូក-ង។ល។ ត្រូវបានរៀបចំទៀងទាត់នៅតាមតំបន់ដែលមានបងប្អូនជនជាតិខ្មែររស់នៅច្រើន។ មរតកវប្បធម៌ជាច្រើនប្រភេទរបស់ជនជាតិខ្មែរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីមរតកវប្បធម៌អរូបីថ្នាក់ជាតិ ដូចជាសិល្បៈល្ខោនយីកេខ្មែរភាគខាងត្បូងនៃប្រទេសវៀតណាម របាំប្រពៃណី ពិធីបុណ្យអកអំបុក សិល្បៈសម្ដែងប្រជាប្រិយតន្ត្រីភ្លេងពិណពាទ្យ មុខរបរធ្វើអំបុក របាំប្រជាប្រិយខ្មែរ។ល។ ទាំងនេះគឺជាមូលដ្ឋានគ្រះដ៏សំខាន់សម្រាប់ដំណើរការអនុវត្តសកម្មភាពអភិរក្ស ស្ដារឡើងវិញនិងអភិវឌ្ឍន៍តម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិខ្មែរនៅប្រទេសវៀតណាម ក្នុងដំណាក់កាលបច្ចុប្បន្ននេះ៕
ដោយ៖ សុខ សន្តិភាព





