យុទ្ធនាការសុវត្ថិភាពចំណីអាហាររដូវកាលទី២ បានសម្ពោធឱ្យដំណើរការជាផ្លូវការ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦--យុទ្ធនាការសុវត្ថិភាពចំណីអាហាររដូវកាលទី២ បានសម្ពោធឱ្យដំណើរការជាផ្លូវការ រួមនិងពិធីអបអរទិវាកុមារអន្ត រជាតិ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមានចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណ រគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Danone Cambodia ដែលបានយកចិត្តទុកដាក់លើកកម្ពស់សុខុ មាលភាព និងសុខភាពប្រជាជនកម្ពុជា ជាពិសេសសិស្សានុសិស្ស តាមរយៈយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន ដែលផ្ដល់ការអប់រំទៅដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្ស និងសាធារណជនឱ្យកាន់តែយល់ដឹងអំពីបញ្ហានេះ។

បើតាម ឯកឧត្តមបណ្ឌិតសភាចារ្យ យុទ្ធ នាការសុវត្ថិភាពចំណីអាហារតាមសាលា រៀនបានផ្ដល់ការអប់រំទៅដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្ស និងសាធារណជនឱ្យកាន់តែយល់ដឹងអំពីបញ្ហា ការបង្កើតទម្លាប់បរិភោគអាហារប្រចាំថ្ងៃ៣ក្រុម គឺអាហារថាមពល អាហារសាងសង់ និងអាហារការពារ (តិចខ្លាញ់ តិចអំបិល តិចស្ករ) អាហារូបត្ថម្ភមានជាតិដែក និងវីតាមីន C និងការជៀសវាងភេសជ្ជៈផ្អែម។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្វាគមន៍ចំពោះគ្រប់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជនទាំងអស់ ក្នុងការចូលរួមសហការលើកកម្ពស់អាហារូបត្ថម្ភដល់សិស្សានុសិស្សនៅតាមសាលារៀន ហើយថាកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Danone បានសបញ្ជាក់ពីការប្ដេជ្ញាចិត្តរួមគ្នារវាងរដ្ឋ និងឯកជនក្នុងការលើក កម្ពស់សុខភាពកុមារ និងបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់យុវជនជំនាន់ក្រោយនៃប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានកំណត់យក «ការអភិវឌ្ឍមូលធនមនុស្ស» ជាមុំចម្បងបំផុតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការដាក់ចេញនូវវិធានការគន្លឹះក្នុងការលើកកម្ពស់សុខភាពសិក្សា និងការត្រួតពិនិត្យគុណភាពចំណីអា ហារនៅតាមសាលារៀន។
ឯកឧត្តមបានលើកឡើងថាក្នុងនាមជាសេនាធិការ ក្រសួងអប់រំ យុវជន និង កីឡា បានដាក់ចេញនូវគោលនយោ បាយជាតិស្ដីពីសុខភាពសិក្សា និងបានហាមឃាត់ការលក់ដូរចំណីអាហារដែលមិនមានសុវត្ថិភាព ឬភេសជ្ជៈផ្អែម និងប៉ូវកម្លាំងនៅក្នុងគ្រឹះស្ថានសិក្សា។ គិតត្រឹមឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលា រៀនដោយប្រើប្រាស់កសិផលសហគមន៍នៅតាមសាលាគោលដៅចំនួន ១១១៤សាលា ក្នុងខេត្តចំនួន១០ ដែលផ្ដល់អត្ថប្រយោជន៍ដល់សិស្សប្រមាណ ៣០០.០០០នាក់ ព្រមទាំងបានកែលម្អហេដ្ឋារចនាសម្ព័ន្ធអនាម័យ (ទឹកស្អាត ៨៨%, កន្លែងលាងដៃ ៩៤%, បង្គន់អនាម័យ ៩៩%) និងសហការជាមួយវិស័យសុខាភិបាលដើម្បីផ្ដល់ថ្នាំទម្លាក់ដង្កូវព្រូន វីតាមីន A និងគ្រាប់ថ្នាំជាតិដែកជូនដល់សិស្សានុសិស្សឱ្យបានគ្របដណ្ដប់ជាង ៩៥% នៅទូទាំងប្រទេស។

បន្ថែមលើនេះ ក្រសួងក៏បានលើកទឹក ចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការបណ្ដុះទម្លាប់បរិភោគអាហារដែលមានតុល្យភាព ពោលគឺក្រុមអាហារសំខាន់ៗទាំងបី និងតិចខ្លាញ់ តិចអំបិល តិចស្ករ រួមនឹងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារតាមសាលារៀន ការពង្រឹងការយល់ដឹង ការត្រួតពិនិត្យភាពស្លេកស្លាំង និងការណែ នាំអាហារូបត្ថម្ភដ៏ត្រឹមត្រូវ ដែលនឹងរួមចំណែកកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែក ដែលមានសារៈសំខាន់ក្នុងការទ្រទ្រង់ការលូត លាស់ប្រកបដោយសុខភាពល្អរបស់កុមារកម្ពុជា និងកែលម្អលទ្ធផលសិក្សារបស់ពួកគេ៕
ដោយ៖ ចាន់ សុភឿន, ប្រភព៖ ក្រសួងអប់រំ





