ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧គ្រួសារទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦-- ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងដឹកនាំដោយ ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា នាព្រឹកថ្ងៃពុធ ទី០៣ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់សរុបចំនួន៤៧គ្រួសារ នៅស្រុកភ្នំព្រឹក ដែលរងគ្រោះបណ្តាលឱ្យរលំទាំងស្រុង៨ខ្នងផ្ទះ ប៉ើងដំបូលធ្ងន់ធ្ងរ៨ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើចំនួន៣១ខ្នងផ្ទះ។
ឯកឧត្តមអនុប្រធានាចិន្ត្រៃយ៍សាខាបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសេចក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងបានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនាពេលនេះ។


ឯកឧត្តម ផេង សិទ្ធី បានបញ្ជាក់ថា ចំណែកអំណោយមនុស្សធម៌ជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាត្រូវបាននាំយកមកចែកជូនក្នុងថ្ងៃនេះ បានជួយសម្រាលនូវការលំបាកចំពោះមុខ និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសាររងគ្រោះទាំងអស់។
ជាមួយគ្នានេះ ក្រុមការងារក៏បានបញ្រ្ជាបនូវសារអប់រំផ្សព្វផ្សាយមួយចំនួនស្ដីពីអាកាសធាតុ ប្រែប្រួល និងបរិស្ថាន ថែរក្សាសុខភាព និងអនាម័យ។ល។ អំណោយចែកជូនក្នុង១គ្រួសារមាន អង្ករ ២៥គ.ក្រ មី១កេស ទឹកបរិសុទ្ធ១កេស ទឹកស៊ីអ៊ីវ ៦ដប ទឹកត្រី៦ដប ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ និងថវិកាមួយចំនួន៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





