បទយកការណ៍៖ ផ្លែទំពាំងបាយជូរ ក្រុងរុនតាឯកតេជោសែន កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង
AKP សៀមរាប ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦
ដំណាំទំពាំងបាយជូរ កំពុងក្លាយជាវិស័យកសិកម្មដ៏មានសក្តានុពល នៅក្នុងប្រទេសកម្ពុជា ខណៈកន្លងមកនេះទំពាំងបាយជូរ យើងធ្លាប់ឃើញការដាំដុះ និងបានផលល្អនៅខេត្តបាត់ដំបង ឬតាមបណ្តាខេត្តផ្សេងៗមួយចំនួនទៀត។ ប៉ុន្តែ ឥឡូវនេះ ខេត្តសៀមរាប ក្រៅតែពីតំបន់ទេសចរណ៍បេតិកភណ្ឌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ក៏បានចាប់ផ្តើមមានកសិកទេសចរណ៍កើនឡើងជាបន្តបន្ទាប់។

ជាក់ស្តែង ក្នុងខេត្ដសៀមរាប ក៏ឃើញមានការដាំដុះធុរ៉េន និងទំពាំងបាយជូរ ដោយផ្តើមចេញពីការដាំដុះជាលក្ខណៈគ្រួសារ ហើយទទួលបានផលល្អ ដែលខេត្តសៀមរាបមិនធ្លាប់មានពីមុនមក ជាពិសេសមានការគាំទ្រយ៉ាងខ្លាំងផងដែរ។

សម្រាប់ដំណាំទំពាំងបាយជូរ នៅក្រុងរុនតាឯកតេជោសែន របស់អ្នកស្រី សំ វណ្ណា ស្ថិតនៅភូមិរុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប គឺជាផលិតផលកសិកម្មដ៏ល្បីល្បាញមួយ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងដោយសាររសជាតិផ្អែមឆ្ងាញ់ និងការដាំដុះដោយផ្ទាល់ពីកសិករក្នុងស្រុក។
អ្នកស្រី សំ វណ្ណា បានបញ្ជាក់ថា បន្ទាប់ពីអ្នកស្រីទទួលបានការបណ្តុះបណ្តាលពី អ្នកជំនាញកសិកម្មរួចមក អ្នកក៏បានចាប់ផ្តើមធ្វើការសាកល្បង ការដាំដុះទំពាំងបាយជូរ នៅក្នុងបរិវេណផ្ទះក្នុងទំហំដី១០ម៉ែត្រ គុណនិង៣០ម៉ែត្រ ដែលមានទំពាំងបាយជូរចំនួន៦០ដើម ជាលក្ខណៈគ្រួសារ។ អ្នកស្រីបាននិយាយថា បន្ទាប់ពីបានប្រើពេលអស់១០ខែ សម្រាប់ធ្វើការថែទាំ និងប្រើប្រាស់ជីធម្មជាតិតាមការណែនាំរបស់អ្នកជំនាញរួចមក ឃើញថា ផលបានទទួលបានល្អប្រសើរ។ អ្នកស្រីបានបន្តថា គោលបំណងរបស់អ្នកស្រី ចង់ឱ្យខេត្តសៀមរាប កាន់តែមានភាពសម្បូរបែប ដោយកន្លងមកយើងមានតែប្រាសាទបុរាណ មានតំបន់ធម្មជាតិជាច្រើន ប៉ុន្តែយើងមិនទាន់មានដាំណាំធុរ៉េន និងទំពាំងបាយជូរដូចបណ្តាខេត្តគេផ្សេងៗនោះទេ។ អ្នកស្រីបានអះអាងថា៖ «ប៉ុន្តែឥឡូវនេះ យើងអាចធ្វើបានហើយ ខេត្តសៀមរាប មានចម្ការធុរ៉េនជាច្រើនកន្លែង ហើយក៏ចាប់ផ្តើមមានទំពាំងបាយជូរបន្ថែមទៀតផងដែរ»។

អ្នកស្រី សំ វណ្ណា បានលើកឡើងថា ទំពាំងបាយជូរដែលអ្នកស្រីបានដាំនេះ មានពូជចំនួន៥ប្រភេទ គឺមានពូជមកពីប្រទេសអីស្រាអែល ចំនួន៣ប្រភេទ និងពីរប្រភេទទៀតមកពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដោយអ្នកស្រីបានទទួលផលចំនួនមួយលើករួចហើយកាលពីខែកុម្ភៈ។ អ្នកស្រីបានឱ្យដឹងទៀតថា សម្រាប់ការទទួលបានផលលើកទីពីរនេះ គឺទុំល្អនៅក្នុងអំឡុងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ហើយទំពាំងបាយជូរនេះ បានផ្តល់ចំណូលសមរម្យ ដោយអ្នកស្រីបានលក់ក្នុងតំម្លៃ១គីឡូក្រាម ៤៥ ០០០ រៀល។

អ្នកស្រី សំ វណ្ណា បានអះអាងថា បច្ចុប្បន្ននេះ បើទោះបីទំពាំងបាយជូរមិនទាន់ទុំច្រើន ក៏ពិតមែន ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋខ្មែរជិតឆ្ងាយជាច្រើន បានចូលមកគាំទ្រ ដោយនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យក្នុង១ថ្ងៃមានប្រមាណជា១០០នាក់ ឯនោះបានមកគាំទ្រ។ អ្នកស្រីបានសង្កត់ធ្ងន់ថា៖ «នៅថ្ងៃខាងមុខបើសិន ខ្ញុំមានលទ្ធភាពទិញដីបានធំ ខ្ញុំចង់ពង្រីកឱ្យក្លាយទៅជាចម្ការទំពាំងបាយជូរខេត្តសៀមរាបផងដែរ។ ខ្ញុំ ក៏ចង់ឱ្យបងប្អូននៅក្នុងខេត្តសៀមរាប ដែលមានដីទំហំធំៗច្រើនគួរចាប់ផ្តើមសាកល្បងដាំដំណាំទំពាំងបាយជូរនេះ ដើម្បីធ្វើការផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត ក៏ដូចជាសម្រាប់ការនាំចេញទៅតាមបណ្តារាជធានី ខេត្តផ្សេងៗផងដែរ។»
សូមបញ្ជាក់ថា ទំពាំងបាយជូរ(Grape) គឺជាផ្លែឈើដែលមានរសជាតិផ្អែមជូរ និងមានដាក់លក់នៅលើទីផ្សារទូទៅ ហើយត្រូវបានគេចាត់វាទុកជាអាហារបំប៉នមួយប្រភេទ។ ក្រៅពីមានគុណប្រយោជន៍ខាងអាហារហើយនោះ ក៏នៅមានគុណភាពខាងឱសថជាច្រើនយ៉ាងទៀតផង ក្នុងនោះសារជាតិអាហារសំខាន់នៅក្នុងទំពាំងបាយជូរ គឺស្ករ និងសារជាតិពពួកអាស៊ីតប្រមាណចាប់ពី៧-៨ប្រភេទបន្ថែមទៀត។ ក្រៅពីនេះ នៅមានក្លូកូស សូខូល ACID CITRIC វីតាមីន C ព្រមទាំងដែក និងកាល់ស្យូម។ ចំពោះផលប្រយោជន៍នៃការទទួលទានផ្លែទំពាំងបាយជូរបានជាប់ជាប្រចាំ មានប្រសិទ្ធភាពជួយប៉ូវខួរក្បាល ប៉ូវបេះដូង ទម្លាក់ស្លេស បំបាត់អាការៈស្លេកស្លាំង ប៉ូវកម្លាំង និងសម្រាប់មនុស្សមានរាងកាយស្គមស្គាំងចាស់មុនវ័យ ពុំមានកម្លាំងកំហែងជាដើម។

បើតាមអ្នកជំនាញផ្នែកសុខភាពបានឱ្យដឹងថា ប្រសិនបើបានទទួលទានទំពាំងបាយជូររាល់ថ្ងៃ នឹងជួយឱ្យរាងកាយសន្សឹមៗឡើងមាំមួនមកវិញបាន។ ទន្ទឹមនេះ ការកែច្នៃផ្លែទំពាំងបាយជូរគេនាំយកទៅផលិតជាស្រាទំពាំងបាយជូរដែលប្រភេទ ស្រាប៉ូវបំប៉នទៀតផង។

ចំណែកទងដើម និងឫសទំពាំងបាយជូរ អាចយកទៅធ្វើជាថ្នាំបុរាណសម្រាប់បណ្ដេញខ្យល់ ទម្លាក់ស្លេសព្យាបាលរោគរលាកសន្លាក់ ឈឺឆ្អឹងឆ្អែង ឈឺសរសៃសរសូង រម្ងាស់សរសៃប្រសាទ បំបាត់អាការឈឺចាប់ និងអាចបំបាត់អាការក្អួតបានទៀតផង៕
ដោយ៖ ឃុត សៅ





