ក្រសួងការងារបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការសិក្សាតាមដានវឌ្ឍនភាពរបស់សិស្ស និងសហរចនាលើដំណើរការសិក្សា» ដើម្បីពង្រឹងគុណភាព TVET
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ តំណាងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការសិក្សាតាមដានវឌ្ឍនភាពរបស់សិស្ស និងសហរចនាលើដំណើរការសិក្សា»។

សិក្ខាសាលាកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ រៀបចំឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពនៃកម្មវិធីបណ្ដុះ បណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១,៥ លាននាក់ ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នាសណ្ឋាគារ Fairfield by Marriott Phnom Penh ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថាប័ន និងភាគីពាក់ព័ន្ធជាច្រើ នរូប។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេ ខាធិការ បានថ្លែងថា សិក្ខាសាលាពិគ្រោះយោបល់រយៈពេល ៤ ថ្ងៃនេះផ្ដោតលើគោលបំណងសំខាន់ៗចំនួន ៤ រួមមាន ទី១. បង្កើតការយល់ដឹងរួមគ្នាក្រោមក្របខ័ណ្ឌវិភាគ និងសូចនាករសំខាន់ៗនៃការសិក្សាតាមដាន ទី២. ពិនិត្យ និងវាយតម្លៃប្រព័ន្ធទិន្នន័យរដ្ឋបាលដែលមានស្រាប់ ដើម្បីកំណត់ឱកាសសម្រាប់កិច្ចអន្តរប្រតិបត្តិការ ទី៣. ពង្រឹងកិច្ចសម្របសម្រួល និងកំណត់តួនាទីទទួលខុសត្រូវឱ្យបានច្បាស់លាស់រវាងស្ថាប័នពាក់ព័ន្ធ និងទី៤. ឯកភាពលើវិធីសាស្ត្ររួម រាប់ចាប់ពីការជ្រើស រើសក្រុមគោលដៅ រហូតដល់ការរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តនៅតាមបណ្ដាវិទ្យាស្ថាននានា។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថាសិក្ខាសា លានេះក៏មានសារៈសំខាន់ខ្លាំងណាស់សម្រាប់របៀបវារៈនៃការអភិវឌ្ឍជំនាញនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិ បាលកំពុងផ្ដល់អាទិភាពខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស និងការលើក កម្ពស់ផលិតភាពកម្លាំងពលកម្ម។

ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ការសិក្សាតាមដាន មិនមែនជាសកម្មភាពដាច់ដោយឡែកនោះឡើយ ប៉ុន្តែវាជាឧបករណ៍យុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការកែលម្អប្រព័ន្ធអប់រំបណ្ដុះ បណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទាំងមូល ដើម្បីផ្លាស់ប្ដូរការ គ្រប់គ្រងពីការសន្មត ទៅជាការសម្រេចចិត្តដែលផ្អែកលើភស្ដុតាងជាក់ស្ដែង។ បន្ថែមពីនេះ គោលដៅចុងក្រោយ គឺការធានាឱ្យគ្រប់គ្រឹះស្ថាន TVET ទាំងអស់ អាចអនុវត្តការសិក្សាតាមដាននេះជាមុខងារស្ថាប័នជាប្រចាំ ដើម្បីឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការទីផ្សារការងារ និងពង្រឹងកិច្ចការអប់រំប្រកបដោយនិរន្តរភាព។
ឯកឧត្តមបណ្ឌិត គួច សុមាន បានសម្ដែងនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា អង្គសិក្ខាសាលាទាំងមូលនឹងពិភាក្សាគ្នារហូតទទួលបានលទ្ធផលជាផ្លែផ្កា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធាន មនុស្សរបស់កម្ពុជាឱ្យកាន់តែមានសក្ដានុពល និងប្រសិទ្ធភាពខ្ពស់នាពេលអនាគត៕
ដោយ៖ ប៊ុនរិទ្ធ , ប្រភព៖ ក្រសួងការងារ





