សមាគមមិត្តភាពកម្ពុជា-វៀតណាម បន្តលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជានិរន្ដរ៏
AKP ភ្នំពេញ ថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២៦ -- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និងលោកជំទាវ ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានរៀបចំសន្និបាតរួមលើកទី៤ សម្រាប់ដំណាក់កាលឆ្នាំ២០២២-២០២៧ នៅសង្កាត់វុងតាវ ទីក្រុងហូជីមិញ សាធារណរដ្ឋសង្គនិយមវៀតណាម នៅថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ។

លោកជំទាវ ង្វៀន ធីថាញ់ បានសាទរចំពោះប្រទេស និងប្រជាជនកម្ពុជា ដែលបានបន្តសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនក្នុងឆ្នាំ២០២៥។ ទំនាក់ទំនងវៀតណាម-កម្ពុជាត្រូវបានបង្កើតឡើងដោយផ្អែកលើចំណងមិត្តភាពជិតស្និទ្ធ ការជួយគ្នាទៅវិញទៅមក និងការចេះចែករំលែកនូវបទពិសោធន៍ទៅវិញទៅមក ដើម្បីបង្កើនប្រសិទ្ធភាពសម្រាប់អនុវត្តនាពេលអនាគត។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-វៀតណាម បានបន្តអភិវឌ្ឍន៍ជាវិជ្ជមានលើវិស័យជាច្រើន ដូចជានយោបាយ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្ត្រ។ សម្តេចក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការជួយរបស់វៀតណាមទាំងពីអតីតកាល និងរហូតដល់បច្ចុប្បន្ន។ ដូច្នេះហើយសមាគមទាំងពីរបានឯកភាពគ្នាបន្តលើកកម្ពស់ការផ្សព្វផ្សាយ និងការអប់រំអំពីប្រពៃណីនៃ សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជានិរន្ដរ៏រវាងប្រទេសទាំងពីរដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនជំនាន់ក្រោយ ហើយក្នុងពេលជាមួយគ្នានេះ ក៏បង្កើនការយល់ដឹង និងការប្រុងប្រយ័ត្នប្រឆាំងនឹងព័ត៌មានមិនពិត និងបំភ្លៃ ដែលមានគោលបំណងបំបែកទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា ដោយសមាគមទាំងពីរបានឯកភាពគ្នាផ្តោតលើភារកិច្ចសំខាន់ៗចំនួនបី ដែលរួមមាន ការពង្រឹងមិត្តភាពរវាងប្រជាជន និងប្រជាជន ការពង្រឹងទំនាក់ទំនងក្នុងចំណោមយុវជនជំនាន់ក្រោយ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ រវាងអាជីវកម្ម និងមូលដ្ឋាននៃប្រទេសទាំងពីរ៕

ដោយ៖ សួស សំរិត





