ម៉ាឡេស៊ីរឹតបន្តឹងបទប្បញ្ញត្តិពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម
AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ -- ប្រទេសម៉ាឡេស៊ីនឹងអនុវត្តក្រមច្បាប់ថ្មីចំនួនពីរជាផ្លូវការក្រោមច្បាប់សុវត្ថិភាពអនឡាញ (ONSA) ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ដែលជាវិធានការខ្លាំងបំផុតរបស់ប្រទេសនេះរហូតមកដល់បច្ចុប្បន្ន ដែលមានគោលបំណងគ្រប់គ្រងខ្លឹមសារដែលបង្កគ្រោះថ្នាក់ និងបង្កើនការការពារកុមារនៅក្នុងបរិយាកាសឌីជីថល។
គណៈកម្មការទំនាក់ទំនង និងពហុប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី (MCMC) បាននិយាយនៅក្នុងសេចក្តីប្រកាសមួយកាលពីពេលថ្មីៗនេះថា ច្បាប់ថ្មីពីរនេះ គឺក្រមការពារកុមារ (CPC) និងក្រមកាត់បន្ថយហានិភ័យ (RMC) នឹងតម្រូវឱ្យវេទិកាឌីជីថលចាត់វិធានការសកម្មបន្ថែមទៀតដើម្បីគ្រប់គ្រងខ្លឹមសារដែលបង្កគ្រោះថ្នាក់ និងពង្រឹងយន្តការដើម្បីការពារអ្នកប្រើប្រាស់ដែលងាយរងគ្រោះ។
យោងតាមគណៈកម្មការ MCMC បានឱ្យដឹងថា ការអនុវត្តនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែងរបស់រដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីកសាងបរិយាកាសឌីជីថលដែលមានសុវត្ថិភាពជាងមុនសម្រាប់កុមារ និងគ្រួសារ ចំពេលដែលមានការគំរាមកំហែងតាមអ៊ីនធឺណិតកើនឡើង ដូចជាការក្លែងបន្លំ ការយាយីតាមអ៊ីនធឺណិត ខ្លឹមសារហិង្សា និងព័ត៌មានមិនពិត។
បទប្បញ្ញត្តិមួយក្នុងចំណោមបទប្បញ្ញត្តិគួរឱ្យកត់សម្គាល់បំផុត គឺតម្រូវការសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីអនុម័តយន្តការសុវត្ថិភាពតាមការរចនា។ ក្រោមបទប្បញ្ញត្តិនេះ បុគ្គលដែលមានអាយុក្រោម ១៦ឆ្នាំនឹងត្រូវបានហាមឃាត់មិនឱ្យចុះឈ្មោះ និងកាន់កាប់គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមនៅលើវេទិកាដែលមានអ្នកប្រើប្រាស់ជាង ៨លាននាក់នៅក្នុងប្រទេសម៉ាឡេស៊ី។
ដើម្បីផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់ រដ្ឋាភិបាលម៉ាឡេស៊ីតម្រូវឱ្យឯកសារផ្លូវការដូចជាអត្តសញ្ញាណប័ណ្ណជាតិ លិខិតឆ្លងដែន ឬឯកសារដែលចេញដោយរដ្ឋផ្សេងទៀត ត្រូវបានប្រើប្រាស់ក្នុងដំណើរការផ្ទៀងផ្ទាត់គណនី។ អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង លោក តេអូ នីជីង (Teo Nie Ching) បាននិយាយថា វេទិកានានានឹងត្រូវបានផ្តល់រយៈពេលសមស្របដើម្បីអនុវត្តការផ្ទៀងផ្ទាត់សម្រាប់គណនីដែលមានស្រាប់ មុនពេលវិធានការទាំងនេះត្រូវបានអនុវត្ត។ គណនីដែលបរាជ័យក្នុងការបញ្ចប់ការផ្ទៀងផ្ទាត់អាចត្រូវបានរារាំង។
បន្ថែមពីលើវិធានការការពារកុមារ ក្រមកាត់បន្ថយហានិភ័យក៏តម្រូវឱ្យវេទិកាឌីជីថលដាក់ការគ្រប់គ្រងយ៉ាងតឹងរ៉ឹងទៅលើខ្លឹមសារអនឡាញផងដែរ។ តម្រូវការថ្មីរួមមាន ការវាយតម្លៃហានិភ័យតាមកាលកំណត់ ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងខ្លឹមសារ យន្តការរាយការណ៍ និងមតិកែលម្អ ការផ្ទៀងផ្ទាត់អ្នកផ្សាយពាណិជ្ជកម្ម និងការដាក់ស្លាកខ្លឹមសារដែលបានកែសម្រួល ឬបង្កើតដោយបញ្ញាសិប្បនិម្មិត (AI)។
មន្ត្រីម៉ាឡេស៊ីបាននិយាយថា សម្ពាធក្នុងការរឹតបន្តឹងបទប្បញ្ញត្តិកើតចេញពីការកើនឡើងយ៉ាងខ្លាំងនៃការក្លែងបន្លំតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ ប្រទេសម៉ាឡេស៊ីបានកត់ត្រាករណីក្លែងបន្លំតាមអ៊ីនធឺណិតជាង ២៣.៣០០ករណី ដោយការខាតបង់ថិវកាសរុបឈានដល់ ៦៨០,៣លានរីងហ្គីត (ប្រហែល ១៧០លានដុល្លារអាម៉េរិក)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





