មន្ត្រីរាជការក្របខ័ណ្ឌថ្មីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលការបណ្តុះបណ្តាលតម្រង់ទិសលើការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦-- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសជាស៊េរីស្តីពី «ការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ជូនមន្ត្រីរាជការក្របខណ្ឌថ្មី ឆ្នាំ ២០២៣ និង ឆ្នាំ ២០២៤ របស់អង្គភាពថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន៤៥៧ នាក់ សម្រាប់រួមចំណែកគាំទ្រ និង អនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងចីរភាព។

ពិធីបើកវគ្គនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីរាជការ ឧទ្ទេសាចារ្យ និងសិក្ខាកាមនាព្រឹកថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៦ នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសរំលេចថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយថាមពល វៃឈ្លាស និង ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១” ដោយផ្តល់អាទិភាពខ្ពស់បំផុត លើការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងបន្ថែមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងយកចិត្តទុកដាក់ជាប្រចាំលើការកសាង និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ដោយបានដាក់ឱ្យអនុវត្តនូវ “ក្របខណ្ឌគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សឆ្នាំ ២០២៤-២០២៨” ក្នុងក្របខណ្ឌផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅកសាងមូលធនមនុស្ស ប្រកបដោយគុណវុឌ្ឍិវិជ្ជាជីវៈ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសរំលេចជូនអង្គពិធីថា ក្នុងគោលដៅពង្រឹងការអនុវត្តមុខងារ និង ភារកិច្ច របស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យអនុវត្តនូវអភិក្រមការងារ ចំនួន ៤ គឺ៖ ១). អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និង គោរពក្រមសីលធម៌វិជ្ជាជីវៈ ២). អនុវត្តការងារជាក្រុម, ៣). អនុវត្តការងារដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងគោលការណ៍ប្រសិទ្ធភាពថវិកា, និង ៤). មិនត្រូវមើលរំលងកំហុសខ្លួនឯង។

វគ្គបណ្តុះបណ្តាលតម្រង់ទិសលើការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានរយៈពេល៥ ថ្ងៃ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការតម្រង់ទិសជំនាញវិជ្ជាជីវៈ និង បំពាក់នូវចំណេះជំនាញពាក់ព័ន្ធ សម្រាប់ការងារគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនមន្ដ្រីរាជការ ដែលនឹងចូលរួមចំណែកដល់ ការលើកកម្ពស់សមត្ថភាព ចំណេះដឹង ការបង្កើនការយល់ដឹង និង ជំនាញជាមូលដ្ឋាន សម្រាប់ការអនុវត្តការងារ តួនាទីភារកិច្ចប្រចាំថ្ងៃ ជូនអង្គភាព និង ដើម្បីធ្វើជាស្ពាន សម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មី ក្នុងការអភិវឌ្ឍសមត្ថភាព និង ជំនាញ ឱ្យកាន់តែប្រសើរថែមទៀត នៅពេលអនាគត៕
ដោយ ទូច វលក័្ខណ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច)





