ប្រតិភូក្រសួងអប់រំចូលរួមវេទិកាពិភាក្សាស្ដីពីការជំរុញការសិក្សាក្នុងវ័យកុមារសម្រាប់ពិភពលោកដែលកំពុងផ្លាស់ប្តូរ នៅចក្រភពអង់គ្លេស
AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦--ក្នុងអំឡុងពេលនៃការចូលរួមកម្មវិធីវេទិកាអប់រំពិភពលោកឆ្នាំ២០២៦ នៅចក្រភពអង់គ្លេស រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចូលរួមក្នុងកិច្ចពិភាក្សាស្ដីពីការជំរុញការសិក្សាក្នុងវ័យកុមារសម្រាប់ពិភពលោកដែលកំពុងផ្លាស់ប្តូរ ដោយក្នុងឱកាសនេះឯកឧត្តមបានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការអប់រំកុមារតូច ដែលដើរតួនាទីសំខាន់ក្នុងការផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍធនធានមនុស្ស។

បើតាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន កុមារតូចៗដែលទទួលបានការថែទាំប្រកបដោយវិជ្ជាជីវៈ និងភាពកក់ក្តៅពីក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន ទំនងជាបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាដោយជោគជ័យ ដោយកាត់បន្ថយការបោះបង់ការសិក្សា។ ឯកឧត្តមបានលើកឡើងថា ភស្តុតាងស្រាវជ្រាវបានបង្ហាញថា ៨០% នៃការតភ្ជាប់រវាងខួរក្បាលរបស់កុមារតូចកើតឡើងរវាងអាយុសូន្យឆ្នាំ និងបីឆ្នាំដំបូងនៃជីវិត។ ក្នុងអំឡុងពេលនេះ ប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលរបស់កុមារអភិវឌ្ឍបានល្អ និងយ៉ាងឆាប់រហ័ស ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍជំនាញបញ្ញា ភាពវៃឆ្លាត និងជំនាញជាមូលដ្ឋានដូចជា ជំនាញសង្គម ភាពក្លាហាន ការអត់ធ្មត់ និងជំនាញទំនាក់ទំនង ដែលជាជំនាញសំខាន់ក្នុងភាពជោគជ័យនៃការសិក្សាពេញមួយជីវិតរបស់មនុស្សម្នាក់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រី្ត បានលើកឡើងបន្ថែមអំពីការផ្ដល់ការអប់រំ និងអភិវឌ្ឍកុមារដែលមានគុណភាព គឺជាការចូលរួមគាំទ្រដល់កុមារទាំងមូលលើការអភិវឌ្ឍការយល់ដឹង សង្គម អារម្មណ៍ និងរាងកាយ ជាពិសេសក្នុងអំឡុងពេលប៉ុន្មានឆ្នាំដ៏សំខាន់បំផុតនៃការលូតលាស់ខួរក្បាល រួមទាំងមូលដ្ឋានគ្រឹះនៃការរៀនសូត្រដ៏រឹងមាំលើភាសា លេខនព្វន្ត និងការដោះស្រាយបញ្ហា ការបង្កើតការត្រៀមខ្លួនសម្រាប់សាលាបឋមសិក្សា ការកាត់បន្ថយការរៀនឡើងវិញ និងការបោះបង់ចោលការសិក្សា សិស្សដែលចូលរៀនថ្នាក់មត្តេយ្យសិក្សាទទួលបានលទ្ធផលល្អប្រសើរក្នុងការអប់រំបឋសិក្សា។ ទន្ទឹមនឹងនេះការអប់រំកុមារតូចក៏ជាការរៀបចំសង្គម ដើម្បីដោះស្រាយបញ្ហាប្រឈម រួមទាំងការសម្របខ្លួន ការរៀនសូត្រពេញមួយជីវិត សុខភាព សុខុមាលភាព និងភាពធន់នឹងវិបត្តិ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





