ថ្នាក់ដឹកនាំជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ចុះសួរសុខទុក្ខ និង នាំយកអំណោយជូនវីរកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខនៅតាមបណ្តោយព្រំដែននៃ ខេត្តព្រះវិហារ, ខេត្តឧត្តរមានជ័យ និង ខេត្តបន្ទាយមានជ័យ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦--ឆ្លៀតឱកាសនៃការអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី "គណនេយ្យសាធារណៈ" ជូនមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុសាធារណៈ នៃរដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ, នាថ្ងៃទី ១៧ និង ១៨ ខែ ឧសភា ឆ្នាំ ២០២៦, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស), តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានចុះសួរសុខទុក្ខ និង នាំយកអំណោយជូនវីរកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខនៅតាមបណ្តោយព្រំដែននៃ ខេត្តព្រះវិហារ, ខេត្តឧត្តរមានជ័យ និង ខេត្តបន្ទាយមានជ័យ, ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង, ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ, លោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងសហការីជាច្រើនរូប ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្ដែងនូវសេចក្ដីគោរព ការដឹងគុណ និង ការកោតសរសើរ ចំពោះវីរភាពរបស់វីរកងទ័ពជួរមុខ ដែលកំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន មោះមុតការពារបូរណភាពទឹកដី ប្រឆាំងនឹងសត្រូវឈ្លានពានមកលើដែនអធិបតេយ្យ, ហើយការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់វីរៈកងទ័ព ដើម្បីបុព្វហេតុការពារជាតិ និង សេចក្ដីសុខសាន្តរបស់ប្រជាជន នឹងត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រ និង ចងចាំជារៀងរហូត ។

អំណោយដែលបានយកជូនវីរៈកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខ រួមមាន៖ ទោចក្រយានយន្ត, ធុងចម្រោះទឹក, ស៊ីទែនទឹក, គ្រឿងឧបភោគបរិភោគ (រួមមាន អង្ករ, មី/គុយទាវកញ្ចប់, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកក្រូច, ទឹកសុទ្ធ, នំទាហាន ។ល។) ព្រមទាំងសម្ភារៈបរិក្ខារចាំបាច់មួយចំនួនទៀត ។បន្ថែមលើនេះ ក៏មានថវិកាមួយចំនួនត្រូវបានប្រគល់ជូនតំណាងវីរៈកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខនៅតាមបណ្តោយព្រំដែននៃខេត្តព្រះវិហារ (ចំនួន ៤ អង្គភាព), ខេត្តឧត្តរមានជ័យ (ចំនួន ៤ ទីតាំងប្រាសាទ) និង ខេត្តបន្ទាយមានជ័យ (ចំនួន ២ អង្គភាព) ៕


ដោយ៖ ទូច វលក័្ខណ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច)





