ឯកឧត្ដម អភិបាលខេត្តព្រះសីហនុអញ្ជើញដឹកនាំកិច្ចប្រជុំអភិវឌ្ឍគម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ
AKP ខេត្តព្រះសីហនុ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦--ព្រឹកថ្ងៃចន្ទទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ម៉ាង សុីណេត អភិលបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីករណីស្នើសុំសិទ្ធិប្រើប្រាស់ដីរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូន និងមន្ទីរប្រិយណីយ និងគមនាគមន៍ខេត្តព្រះសីហនុ ដើម្បីរៀបចំគម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ ក្រោមក្របខណ្ជគម្រោង PPP និងការកែសម្រួលទៅលើឯក សារដេញថ្លៃ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចហិញ្ញវត្ថុ ក្រសួងប្រិយ៍ណីយ និងក្រសួងសាធារណការ ។

តាមរបាយការណ៍ របស់លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានឪ្យដឹងថា ការអភិវឌ្ឍន៍គម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ (Smart Parking Project) ដែលមានទីតាំងនៅមុខផ្សារលើ ដែលរដ្ឋបាលខេត្តព្រះសីហនុ បានកំណត់អាទិភាពរៀបចំអភិវឌ្ឍជាគម្រោ ងសាកល្បង ក្នុងគោលបំណងដោះ ស្រាយបញ្ហាកង្វះចំណត ក៏ដូចជាពង្រឹងសណ្តាប់ធ្នាប់នៃការចតយានជំនិះគ្រប់ប្រភេទនៅក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព, សុខុមាលភាព និងតម្លៃសមរម្យ។ គម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ មានទំហំផ្ទៃដីប្រមាណ ៣,៧០០ម៉ែត្រការ៉េ អគារមានកម្ពស់ ១២ជាន់ (២ជាន់ក្រោមដី) ចំណតប្រើប្រាស់បច្ចេកវិទ្យាចំណតធម្មតា (Conventional Parking) ចំនួន ៦ជាន់ និងលំហសម្រាប់ធ្វើពាណិជ្ជកម្មចំនួន ៦ជាន់។ អាចចតរថយន្តបានប្រមាណ ២៤៦គ្រឿង ម៉ូតូប្រមាណ ៧៥២គ្រឿង រ៉ឺម៉កកង់បីចំនួន ៣០គ្រឿង និងរថ យន្តក្រុងចំនួន ៤គ្រឿង។ រយៈពេលសាងសង់ ៣ឆ្នាំ ដែលមានទុនវិនិយោគប្រមាណ ១២លានដុល្លាអាមេរិក ចំពោះកិច្ចសន្យាគម្រោងមានរយៈពេល ២៨ឆ្នាំ (រាប់បញ្ចូលទាំងរយៈពេលសាងសង់ ៣ឆ្នាំ) ការលើកលែងពន្ធ ៦ឆ្នាំ (ចាប់ពីឆ្នាំប្រតិបត្តិការគម្រោង) ទម្រង់បង់កម្រៃសេវាជូនរដ្ឋ កម្រៃថេរប្រចាំឆ្នាំ និងការបែងចែកចំណូលជាដើម។
កិច្ចប្រជុំបានធ្វើការពិភាក្សាបានឯកភាពគ្នាស្តីពីការរៀបចំចំណតឆ្លាតវៃនៅ ក្នុងផ្សារលើក្រុងព្រះសីហនុ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណគុណគ្រប់ភាគីតំណាងក្រសួងដែលបានចូលរួមកិច្ចប្រជុំពិភាក្សារួមគ្នាអភិ វឌ្ឍន៍គម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ (Smart Parking Project) មានទីតាំងនៅមុខផ្សារលើ ដែលបានជួយជំរុញគម្រោងចំណតឆ្លាត វៃនៅលើទឹកដីខេត្តព្រះសីហនុរបស់យើង ព្រោះចំណតឆ្លាតវៃនេះ វាជាផលប្រយោជន៍សាធារណរបស់យើងទាំងអស់គ្នា ដើម្បីឪ្យខេត្តរបស់យើងមានសណ្តាប់ធ្នាប់ របៀបរៀបរយក្នុងការចត យានយន្តគ្រប់ប្រភេទ ហើយកិច្ចប្រជុំនាពេលនេះ យើងមានឆន្ទរួមទាំងអស់គ្នា ដើម្បីបង្កើតចំណតឆ្លាត វៃនៅក្នុងក្រុងព្រះសីហនុ ហើយក៏ជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់ប្រទេសរបស់យើងក្នុងការប្រើប្រាស់ចំណតឆ្លាតវៃផងដែរ។

ទន្ទឹមនោះ រដ្ឋបាលខេត្តព្រះសីហនុ កំពុងរៀបចំកែលម្អជួសជុលក្រានីត នៅតាមចិញ្ចើមផ្លូវក្នុងក្រុងព្រះសីហនុ ដោយមានកិច្ចសហការចូលរួមពីបងប្អូនប្រជពលរដ្ឋជាម្ចាស់ផ្ទះផង ដែរ ជាពិសេសបន្ថែម ទៀតនោះយើងក៏កំពុងរៀបចំដាំដើមឈើនៅតាមផ្លូវសាធារណក្នុងក្រុងព្រះសីហនុ ដើម្បីប្រែក្លាយក្រុងព្រះសីហនុឪ្យមានភាពបៃតងជាទីក្រុង (Smat City)៕

ដោយ ៖ងូ សុមុនី





