កិច្ចប្រជុំពិភាក្សាត្រីភាគីស្តីពីការរៀបចំសំណើគម្រោងថវិកាពីក្រសួងកសិកម្មសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ ២០២៧-២០៣១
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦--កិច្ចប្រជុំពិភាក្សាត្រីភាគីស្តីពីការរៀបចំសំណើគម្រោងថវិកាពីក្រសួងកសិកម្មសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០២៧-២០៣១ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសំណាក់អង្គការស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា តំណាងក្រុមប្រឹក្សាជាតិគាំពារសង្គម (NSPC) និងភាគីពាក់ព័ន្ធដទៃទៀត។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពការងារ និងសម្រេចលើជម្រើសយុទ្ធសាស្ត្រសម្រាប់ការរៀបចំសំណើគម្រោងហិរញ្ញប្បទានពីមូលនិធិ McGovern-Dole របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) សម្រាប់ឆ្នាំ២០២៦-២០៣១ នាពេលខាងមុខ។

ក្នុងឱកាសនេះ ភាគីទាំងបីបានពិភាក្សាគ្នាលើការវាយតម្លៃវឌ្ឍនភាពនៃកម្មវិធីផ្តល់អាហារតាមសាលារៀនចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ន ហើយការគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈក្រសួងកសិកម្ម (USDA) បានជួយដល់សិស្សបឋមសិក្សាប្រមាណ ១លាននាក់នៅទូទាំងប្រទេស។ លទ្ធផលនៃការវាយតម្លៃថ្នាក់ជាតិ និងតំបន់ ដូចជា SEA-PLM និង PISA បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ការផ្តល់អាហារូបត្ថម្ភបានរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អលទ្ធផលនៃការសិក្សា និងកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់កុមារ។

បន្ថែមលើនេះ កិច្ចប្រជុំក៏បានពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់លើជម្រើសយុទ្ធសាស្ត្រផ្សេងៗ ដោយផ្ដោតសំខាន់លើការពង្រីកវិសាលភាព និងការលើកកម្ពស់គុណភាពអាហារូបត្ថម្ភនៅតាមសាលារៀនថ្មីៗបន្ថែមទៀត។ កិច្ចប្រជុំក៏បានគាំទ្រ និងឯកភាពលើយុទ្ធសាស្ត្រជំនួយបច្ចេកទេស ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពគោលនយោបាយផ្តល់អាហារតាមសាលារៀន ២០២៤-២០៣៥ ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាដល់ការផ្ទេរការគ្រប់គ្រងកម្មវិធីមកស្ថិតក្រោមរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០២៨។
ក្នុងកិច្ចប្រជុំពិភាក្សានេះតាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ WFP និងក្រុមប្រឹក្សាជាតិគាំពារសង្គម (NSPC) ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការគាំទ្រដល់សុខុមាលភាព ការអប់រំ និងអាហារូបត្ថម្ភរបស់កុមារកម្ពុជាដោយជឿជាក់ថា ការរៀបចំសំណើគម្រោងថ្មីនេះនឹងទទួលបានលទ្ធផលផ្លែផ្កា និងក្លាយជាឧបករណ៍យុទ្ធសាស្ត្រដ៏រឹងមាំក្នុងការធានានិរន្តរភាព នៃកម្មវិធីផ្តល់អាហារតាមសាលារៀន សំដៅលើកកម្ពស់គុណភាពធនធានមនុស្សរបស់កម្ពុជាចាប់ពីកម្រិតមូលដ្ឋានឱ្យកាន់តែប្រសើរឡើងប្រកបដោយបរិយាបន្ន និងសមធម៌៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





