ក្រុមការងារទាំងបីរបស់ប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គបន្តរួមគ្នាដាក់ផែនការសកម្មភាព សម្រាប់អនុត្តន៍ ដើម្បីឆ្លើយតបបញ្ហាគ្រឿងញៀន
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦--
ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានប្រតិភូកម្ពុជាបានថ្លែងបញ្ជាក់ថា រុមការងារទាំងបីរបស់ប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គបន្តរួមគ្នាដាក់ផែនការសកម្មភាព សម្រាប់អនុត្តន៍ ដើម្បីឆ្លើយតបបញ្ហាគ្រឿងញៀន។ ការបញ្ជាក់បែប នេះ បន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំ នៃក្រុមការងារទាំងបី នៃប្រទេសហត្ថលេខី MoU ឆ្នាំឆ្នាំ១៩៩៣ ក្នុងមហាអនុតំបន់ទន្លេមេគង្គ រួមមាន៖ កម្ពុជា ចិន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម បានបិទបញ្ចប់កិច្ចប្រជុំរយៈពេល៣ ថ្ងៃរបស់ខ្លួន នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេចិន នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។


ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀននៅតែបន្តស្មុគ្រស្មាញ ជាក់ស្តែងឆ្នាំ២០២៥ បរិមាណសរុបនៃថ្នាំញៀនមេតំហ្វេតាមីន¹ ដែលរឹបអូសបាននៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៥ មានចំនួន ៣៤៩ តោន មានកើនឡើង ៤៨% លើសឆ្នាំ២០២៤ មានតែចំនួន២៣៦តោន ក្នុងនោះអាស៊ីអាគ្នេយ៍មានចំនួនប្រមាណ៩៤% (៣២៧ តោន) ហើយប្រទេសមេគង្គក្រោម កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានរួមគ្នារឹបអូសបាន ប្រហែល ២៦៣,៤ តោន ស្មើនឹង៧៦%នៃតំបន់។


ឯកឧត្តម ឧត្តមសេនីយ៍ឯកបានបន្ថែមទៀតថា ឆ្លើយតបទៅនឹងបញ្ហាគ្រឿងញៀនដែលនៅតែប្រឈម ក្រុមការងារទាំងបីរបស់ប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គបានរួមគ្នាដាក់ផែនការសកម្មភាពឆ្លើយតបបញ្ហាគ្រឿងញៀនសម្រាប់អនុវត្តបន្តមានជាអាទិ៍៖ ពង្រឹងសមត្ថភាពការងារអប់រំបង្ការមានជំនាញគ្រួសារ គ្រូបង្គោល វេទិកាយុវជន មិត្តអប់រំមិត្ត សហគមន៍ពហុសាសនា ការលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងសារធាតុគីមីផ្សំតាមរយៈការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន ការពង្រឹងសមត្ថភាពមន្ត្រីជួរមុខឬមន្ត្រីតាមច្រកព្រំដែន ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាPEN និងPICS ពិនិត្យដំណើរការបញ្ជូនទំនិញឆ្លងកាត់ព្រំដែន ការងារកោសលវិច្ច័យគ្រឿងញឿនកម្ពុជារំពឹងទទួលបានការគាំទ្រផ្នែកបច្ចេកទេស ថវិកាសម្រាប់ប្រតិបត្តិការនៅទីតាំង Bravo សារធាតុគំរូស្តង់ដារ (NPS Reference Materials) និងការពង្រឹងសមត្ថភាពការវិភាគថ្មីៗ ដើម្បីស្វែងរកប្រភពដើមនៃការផលិតគ្រឿងញៀនខុសច្បាប់។


ក្នុងកិច្ចប្រជុំនោះដែរ លោកស្រី Delphine Schantz តំណាង UNODC អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក បានលើកឡើងថា ក្នុង១ឆ្នាំកន្លងមកតំបន់បន្តប្រឈមនឹងការវិវត្តនិងបញ្ហាប្រឈមដ៏ស្មុគស្មាញទាក់ទងនឹងការផលិត ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ហើយលោកស្រីបានកោតសសើរដល់ក្រុមការងារទាំងបី ដែលបានចូលរួមចំណែកអនុវត្តការងារបានល្អ និងបានលើកជាសកម្មភាពក្នុងកិច្ចប្រជុំលើកទី៣ ដើម្បីរូមគ្នាអនុវត្តបន្តទៀត។
បើតាមឯកឧត្តមឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រតិភូកម្ពុជា នឹងត្រឡប់មកដល់មាតុភូមិវិញនៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦៕ដោយ៖ រិទ្ធី, ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





