អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន បន្តកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល និងអប់រំ
AKP ព្រះសីហនុ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជំនួបសម្តែងការគួរសមជាមួយឯកឧត្តម SHI ZHONGJUN អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារទី២៨ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តម ម៉ាង ស៊ីណេត បានស្វាគមន៍អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន មកដល់ទឹកដីនៃខេត្តព្រះសីហនុ ព្រមទាំងបានជម្រាបជូនពីសក្តានុពលភូមិសាស្ត្រ វិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ ដែលមានសក្តានុពលខ្ពស់នៃប្រទេសកម្ពុជា ប្រកបដោយធនធានធម្មជាតិដ៏សម្បូរបែបសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម មានដូចជា វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍។ ម្យ៉ាងទៀតខេត្តព្រះសីហនុ គឺជាខេត្តស្នូលនៃខេត្តជាប់ឆ្នេរសមុទ្រ ដូចជា ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដែលរាជរដ្ឋាភិបាល បានប្រសិទ្ធនាមជាតារារះ "នាទិសនិរតី"។ ខេត្តព្រះសីហនុមានវិស័យដឹកជញ្ជូន ៣ប្រភេទមានដូចជា ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។ ចំពោះផ្លូវទឹក មានកំពង់ផែអន្តរជាតិចំនួន៣ កំពង់ផែកែវផុស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុស្ថិតនៅការអភិវឌ្ឍជា៣ដំណាក់កាល។

ផ្លូវគោកមានទំនាក់ទំនងទៅនឹងរាជធានីខេត្ត មានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក។ ក្រោមកិច្ចសហការយើងសង្ឃឹមថា នឹងមានផ្លូវល្បឿនលៀនបន្ថែមទៀត។ ផ្លូវអាកាសមានផ្លូវរត់ប្រវែង ៣ ៣០០ម៉ែត្រ។ ទន្ទឹមនោះខេត្តព្រះសីហនុ មានភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ប្រទេសចិនមានដូចជា Shenzhen Wuxi Xiamen Kunming និងទីក្រុងកងចូវ សង្ឃឹមថា តាមរយៈឯកឧត្តម និងមានជើងហោះហើរត្រង់បន្ថែមទៀត។ ស្របនឹងគោលនយោបាយការលើកលែងទិដ្ឋាការដល់ប្រជាជនចិន។ រាជរដ្ឋាភិបាលបានរុញខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានតំបន់ឧស្សាហកម្ម ភស្តុភារកម្ម ទេសចរណ៍ និងកសិកម្មភ្ជាប់កម្ពុជាទៅតំបន់អាស៊ាន ទីក្រុងសមាហរណកម្ម តំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលពាណិជ្ជកម្ម កោះ រុញជាតំបន់ទេសចរណ៍ប្រណីត កសិកម្ម ខាងវារីវប្បកម្ម និងកសិឧស្សាហកម្ម។

ឯកឧត្ដមអភិបាលខេត្ត បានជម្រាបជូនបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគ ដើម្បីផលប្រយោជន៍អ្នកវិនិយោគ មានដូចជាការលើកលែងផ្នែកពន្ធ និងលើកទឹកចិត្តផ្នែករដ្ឋបាល ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ សម្រាប់ខេត្តព្រះសីហនុ។ កម្ពុជា និងចិនមានទំនាក់ទំនងការទូតខួបឆ្នាំ៦៨ រវាងកម្ពុជា ចិន។ រដ្ឋាភិបាលមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ជាមិត្តភក្តិដែលគួរឱ្យទុកចិត្តបំផុត មិត្តល្អជួយគ្នាក្នុងគ្រាក្រ មិត្តភាពដែកថែប ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍រួម វាសនារួមតែមួយ និងកិច្ចសហប្រតិបត្តិការផ្សេងៗធ្វើឪ្យទំនាក់ទំនងកាន់តែល្អប្រសើរទាំងវិស័យនយោបាយ កាទូត និងការពារជាតិ។ កម្ពុជាចង់បានព្រំដែនមួយដែលមាន "សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ" ការអភិវឌ្ឍសេដ្ឋកិច្ចនឹងជួយឱ្យអ្នកទេសចរ និងវិនិយោគមកខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត ហើយដំណើរទស្សនកិច្ចថ្ងៃនេះភ្ជាប់ទំនាក់ទំនងនឹងវិស័យទេសចរណ៍ផងដែរ។
ជាការឆ្លើយតប ឯកឧត្តម SHI ZHONGJUN អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន បានឪ្យដឹងថា មជ្ឈមណ្ឌលអាស៊ាន ចិន បំរើផលប្រយោជន៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរប្រជាជន និងប្រជាជន ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល និងអប់រំ និងការជំរុញកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម។ មជ្ឈមណ្ឌលអាស៊ាន ចិន បានដើរតួនាទីសំខាន់ផ្សាភ្ជាប់រវាងផ្នែកវិនិយោគរវាងប្រទេសចិន និងប្រទេសអាស៊ាន ដើម្បីស្វែងយល់ការវិនិយោគ ជាមួយប្រទេសអាស៊ាន ទន្ទឹមនោះយើងក៏មានវេទិការផ្សព្វផ្សាយពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូច្នេះយើងត្រូវការចំណេះដឹង ជំនាញ ម៉្យាងទៀតចំពោះវិស័យទេសចរណ៍ជាផ្នែកមួយសំខាន់ក្នុងការផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់។

ឯកឧត្ដមបានបន្តថា មជ្ឈមណ្ឌលអាស៊ាន ចិន បានសហការបង្កើតនូវកម្មវិធីទេសចរណ៍ ទន្ទឹមនោះយើងក៏រៀបចំទស្សនកិច្ចស្វែងយល់អំពីគោលដៅទេសចរណ៍នៅតំបន់អាស៊ាន ដើម្បីជាថ្នាលផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ពាក់ព័ន្ធទៅនឹងការដាំដុះ និងគ្រឿងម៉ាស៊ីន ហើយនៅពាក់កណ្តាលខែមិថុនា យើងក៏បានរៀបចំវេទិការពិព័រណ៍មុខម្ហូប ដើម្បីបង្ហាញពីវប្បធម៌អាស៊ាន និងសមិទ្ធផលនានា។
ឯកឧត្ដមក៏បានបញ្ជាក់ថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងយូរអង្វែង មានការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរទទួលបានលទ្ធផលល្អ ផ្តល់នូវការជំរុញកិច្ចសហប្រតិបត្តិការចិន កម្ពុជា ហើយខេត្តព្រះសីហនុជាគោលដៅកិច្ចសហប្រតិបត្តិការរវាងចិន កម្ពុជា ដែលមានវិស័យហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វិនិយោគ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជនលើវិស័យវិនិយោគ និងទេសចរណ៍ដែលមានទំនាក់ទៅនឹងវិស័យដឹកជញ្ជូនរវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែប្រទេសចិន៕
ដោយ ងូ សុមុនី





