ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជម្ងឺជូនពលរដ្ឋជាង១ម៉ឺននាក់នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអមដំណើរឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចូលរួមកម្មវិធី ពិនិត្យ និងព្យាបាលជម្ងឺនៅនៅវិទ្យាល័យបន្ទាយខ្មែរ ស្ថិតនៅឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីវេជ្ជបណ្ឌិត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុក និងឃុំ ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជុំវិញខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមការងារចុះមូលដ្ឋានឃុំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារ ស.ស.យ.ក.ប្រមាណជាង ១មុឺននាក់។


ជាកិច្ចចាប់ផ្ដើមលោកវេជ្ជបណ្ឌិត ហុក ត្រី អនុប្រធាន ប្រតិបត្តិទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តកំពង់ស្ពឺបានឡើងថ្លែងរបាយការណ៍សង្ខេប ស្ដីពីការចុះពិនិត្យ និងព្យាបាលជំងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋ របស់គ្រូពេទ្យ ស្ម័គ្រចិត្ត គិតចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់ពេលនេះ ជាង១លាននាក់រួចហើយក្នុងខេត្តកំពង់ស្ពឺ ដែលការចំណាយលើការពិនិត្យ ព្យាបាលប្រមាណជាង៣លានដុល្លារ។
ដោយឡែកថ្ងៃនេះ ជាលើកទី៣២៧ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅក្នុងខេត្តកំពង់ស្ពឺជូនប្រជាពលរដ្ឋប្រមាណជាង១០,០០០នាក់ លោកបានឱ្យដឹងថា ការពិគ្រោះជំងឺនៅពេលនេះរួមមាន៖ ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោមនិងមានអេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួស និងមានចែកវ៉ែនតា។


ក្រោយពីបានស្តាប់នូវរបាយការណ៍ស្ដីពីវឌ្ឍនភាពការងាររួចមក ឯកឧត្តម ហ៊ុន ម៉ានី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានខិតខំលះបង់កម្លាំងកាយ ចិត្តស្របទៅតាមបុព្វហេតុ និងបេសកកម្មមនុស្សធម៌ និងកិច្ចការងារសង្គមនានា ដើម្បីលើកកម្ពស់សុខុមាលភាព ប្រជាជន គឺនាំឱ្យមានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ស្របតាម គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្តថា ការពិនិត្យ និងព្យាបាលជំងឺនេះ គឺជាការចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាលដើម្បីបំពេញបន្ថែមនៅក្នុងការ ថែទាំសុខភាព និងគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែល ក្រសួងសុខាភិបាល ដែលមានក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ បង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ជាសេនាធិការ បាននិងកំពុងខិតខំ ប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម និងជាប្រចាំទោះនៅក្នុងដំណាក់កាលណាក៏ដោយ៕
ដោយ ម៉ែន ប៊ុនធីម





