មន្ទីរកិច្ចការនារីខេត្តកំពង់ធំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ភាពជាអ្នកដឹកនាំនិងគ្រប់គ្រងដល់ស្ត្ រីនិងក្មេងស្រី
AKP កំពង់ធំ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ -- មន្ទីរកិច្ចការនារីខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី " ភាពជាអ្នកដឹកនាំនិងគ្រប់គ្រង ដល់ស្ត្រីនិងក្មេងស្រី" ក្រោមអធិបតីភាព លោកស្រី លំ គន្ធារី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ និងមានការចូលរួមពី លោក លោកស្រី ក្រុមការងារយេនឌ័រ មកពីមន្ទីរ អង្គភាព ជុំវិញខេត្ត និងក្រុងស្រុកទាំង៩។

លោកស្រី ស៊ឹន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានបញ្ជាក់ថា គោលបំណងធំក្នុងវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងបន្ថែមនូវភាពជាអ្នកដឹកនាំរបស់ស្ត្រី នឹងការគ្រប់គ្រងដល់ស្ត្រី និងក្មេងស្រី ពីព្រោះនេះ គឺជាត្រីវិស័យក្នុងការជំរុញសមភាពយេនឌ័រ និងការផ្ដល់អំណាចដល់ស្ត្រីក្នុងវិស័យសាធារណៈ។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលបានបញ្ចប់ សហការី និងសិក្ខាកាមទាំងអស់នឹងមានការប្រែប្រួលនូវឥរិយាបថក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព មានភាពរហ័សរហួន និងក្លាយទៅជាសសរទ្រូងដ៏រឹងមាំសម្រាប់អង្គភាពនៅក្នុងខេត្តកំពង់ធំ និងក្នុងប្រទេសកម្ពុជាយើង។

លោកស្រី លំ គន្ធារី បានវាយតម្លៃខ្ពស់ចំពោះមន្ទីរកិច្ចការនារីខេត្តកំពង់ធំ ដែលបានខិតខំសម្របសម្រួល និងរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ដែលបានឆ្លុះបង្ហាញអំពីការយកចិត្តទុកដាក់ដ៏ខ្ពស់អំពីការកសាងធនធានមនុស្ស ជាពិសេសការផ្ដល់ឱកាសឱ្យស្ត្រីបានបញ្ចេញនូវសមត្ថភាពក្នុងជួរជាមន្ត្រីរាជការផងដែរ។ ជាមួយគ្នានោះ លោកស្រីអភិបាលរងខេត្ត បានដាក់ចេញនូវគោលការណ៍ជាមតិផ្ដាំផ្ញើចំនួន ៤ចំណុច រួមមាន ១. សូមពង្រឹងភាពជឿជាក់លើខ្លួនឯងចំពោះបងប្អូនដែលជាស្ត្រីត្រូវចេះជម្រុះចោលនូវភាពស្ទាក់ស្ទើរ ការរារែក និងមន្ទិលទៅលើសមត្ថភាពរបស់ខ្លួន។ ២. សូមបន្តការរៀនសូត្រឥតឈប់ឈរនូវយុទ្ធសាស្ត្រថ្មីៗ ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យការងាររបស់យើងដើរទាន់សម័យកាល។ ៣. ការកសាងបណ្ដាញ សាមគ្គីភាពផ្ទៃក្នុង ដើម្បីចែករំលែកនូវបទពិសោធន៍ដល់គ្នាទៅវិញទៅមក និង ៤.តុល្យភាពរវាងការងារ និងគ្រួសារ ដោយស្ត្រីត្រូវចេះបែងចែកពេលវេលាសម្រាប់អនុវត្តការងារផ្ទាល់ខ្លួន និងបង្កភាពរីករាយនៅក្នុងសង្គមគ្រួសារឱ្យបានល្អផងដែរ។

លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំបានសំណូមពរដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការក្រេបយកចំណេះដឹងនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ ហើយពេលត្រឡប់ទៅមូលដ្ឋានវិញសូមយកចំណេះ និងជំនាញទាំងនេះទៅបម្រើជាផលប្រយោជន៍នៅក្នុងសង្គមតាមមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីលើកកម្ពស់យេនឌ័រឱ្យកាន់តែមានភាពប្រសើរឡើង៕
ដោយ៖ ស៊ុម វណ្ណា





