ប៉ាគីស្ថានជំរុញកិច្ចសហប្រតិបត្តិការការទូត និងសមុទ្រ ចំពេលដែលមានវិបត្តិនៅច្រកសមុទ្រហ័រមុស
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ -- ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទបានព្រមានថា ការរំខានដល់ផ្លូវសមុទ្រសកលលោក ជាពិសេសការបិទច្រកសមុទ្រហ័រមុស ជាការបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពអន្តរជាតិ ស្ថិរភាពសេដ្ឋកិច្ច និងប្រទេសកំពុងអភិវឌ្ឍន៍។
ថ្លែងនៅក្នុងកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីសន្តិសុខសមុទ្រ លោក អាស៊ីម អ៊ីហ្វទីខា អាម៉ាដ (Asim Iftikhar Ahmad) បានសង្កត់ធ្ងន់ថា ការការពារផ្លូវសមុទ្រ គឺមានសារៈសំខាន់មិនត្រឹមតែសម្រាប់ពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់គោលដៅអភិវឌ្ឍន៍ និងសន្តិសុខកាន់តែទូលំទូលាយផងដែរ។
លោកបាននិយាយថា «លំហសមុទ្រសកល គឺជាឆាកភូមិសាស្ត្រយុទ្ធសាស្ត្រដ៏សំខាន់មួយដែលបញ្ហាប្រឈមនៃសតវត្សរ៍ទី២១ ប្រសព្វគ្នា។ពួកគេ គឺជាខ្សែជីវិតនៃពាណិជ្ជកម្មសកលលោក ជាខ្សែសង្វាក់នៃបរិស្ថានរបស់ផែនដី» ដោយលោកបានកត់សម្គាល់ថា សេដ្ឋកិច្ចទំនើបពឹងផ្អែកយ៉ាងខ្លាំងទៅលើពាណិជ្ជកម្មតាមសមុទ្រដែលមិនមានការរំខាន។
លោក អាម៉ាដ បានចង្អុលបង្ហាញពីការរំខានដែលកំពុងបន្តនៅក្នុងច្រកសមុទ្រហ័រមុស ជាឧទាហរណ៍ច្បាស់លាស់មួយអំពីរបៀបដែលអស្ថិរភាពសមុទ្រអាចធ្លាក់ចូលទៅក្នុងវិបត្តិសកល។
លោកបាននិយាយថា «ការបិទច្រកសមុទ្រហ័រមុស និងផលប៉ះពាល់ជាបន្តបន្ទាប់របស់វាទៅលើសន្តិសុខស្បៀងអាហារ និងថាមពល និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ គឺជាឧទាហរណ៍មួយ»។
លោកបានព្រមានថា ផលប៉ះពាល់ដំបូងៗ ដូចជាការកើនឡើងនៃថ្លៃប្រេង ឧស្ម័ន និងជី អាចធ្វើឱ្យបញ្ហាសេដ្ឋកិច្ចកាន់តែកើនឡើង រួមទាំងអតិផរណា កំណើនយឺត និងសម្ពាធតុល្យភាពនៃការទូទាត់ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
ដោយបញ្ជាក់សារជាថ្មីអំពីវិធីសាស្រ្តការទូតរបស់ប្រទេសប៉ាគីស្ថានលោក អាម៉ាដ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងមហាអំណាចក្នុងតំបន់ និងពិភពលោក រួមទាំងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





