ប្រធានាធិបតីរុស្ស៊ីជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នៅទីក្រុងសាំងពេទើបឺក
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) កាលពីថ្ងៃចន្ទបានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាកឈី (Abbas Araghchi) នៅទីក្រុងសាំងពេទើបឺក។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov)ជំនួយការប្រធានាធិបតី លោក យូរី យូស្សាកូវ (Yuri Ushakov) និងលោកឧត្តមនាវីឯក អ៊ីង៉រ កូស្ទីយូកូវ (Igor Kostyukov) ប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់សំខាន់នៃអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីក៏បានចូលរួមក្នុងកិច្ចប្រជុំនោះដែរ។
សម្រាប់ភាគីអ៊ីរ៉ង់ គណៈប្រតិភូរួមមាន អនុរដ្ឋមន្ត្រីការបរទេស លោកកាហ្សេម ហ្ការីបាបាឌី (Kazem Gharibabadi) និងឯកអគ្គរដ្ឋទូតប្រចាំទីក្រុងមូស្គូ លោក កាហ្សេម ចាឡាលី (Kazem Jalali)។
នៅពេលមុននេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានកត់សម្គាល់ថា «សារៈសំខាន់នៃកិច្ចសន្ទនានេះ គឺពិបាកក្នុងការប៉ាន់ស្មានទាក់ទងនឹងស្ថានភាពវិវត្តន៍ជុំវិញបញ្ហានៅអ៊ីរ៉ង់ និងនៅមជ្ឈិមបូព៌ា»។
លោក អារ៉ាកឈី បានទៅដល់ប្រទេសរុស្ស៊ីកាលពីព្រឹកថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងសកលលោកដែលកំពុងបន្ត បន្ទាប់ពីឈប់សំចតនៅទីក្រុងអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន ជាកន្លែងដែលលោកបានចូលរួមកិច្ចពិភាក្សា ស្តីពីការបញ្ចប់ជម្លោះបច្ចុប្បន្នជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានធ្វើកិច្ចចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ កាលពីពីរសប្តាហ៍មុន បន្ទាប់ពីការវាយប្រហារយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ប៉ុន្តែមិនបានឈានដល់កិច្ចព្រមព្រៀងណាមួយឡើយ។
កិច្ចចរចាទាំងនោះបានកើតឡើងបន្ទាប់ពីប្រទេសប៉ាគីស្ថានបានសម្របសម្រួលបទឈប់បាញ់រយៈពេលពីរសប្តាហ៍ កាលពីថ្ងៃទី០៨ខែមេសា ដែលក្រោយមកត្រូវបានបន្តដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump)។ កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីធ្វើកិច្ចចរចាមួយជុំទៀត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





