សម្តេចធិបតី៖ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការរៀបចំកម្មវិធី បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺពិតជាត្រឹមត្រូវ ដែលបង្ហាញពីសកម្មភាពរស់រវើកនៃសង្គម សេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការរៀបចំកម្មវិធី បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺពិតជាត្រឹមត្រូវ ដែលបង្ហាញពីភាពធន់ និងសកម្មភាពរស់រវើកនៃសង្គម សេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចគ្រប់ប្រភេទ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលបានរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ប្រកបដោយក្តីសប្បាយរីករាយ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ សម្តេច ក៏បានថ្លែងអំណរគុណដល់វីរកងទ័ព ដែលកំពុងឈរជើងនៅជួរមុខ ដើម្បីការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន។
សូមជម្រាបជូនថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដោយបានពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈសំខាន់ៗ ចំនួន៥ ៖
១. សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩
២. សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា
៣. សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩
៤. សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥
៥. របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តវិធានការអន្តរាគមន៍ជួយអតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ៕


ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





