រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបណ្តាលឱ្យមនុស្សស្លាប់ចំនួន១៧នាក់ និងរបួសធ្ងន់ ស្រាលចំនួន៤៥នាក់
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦--ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គិតចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេសមានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ២៧ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន១៧នាក់ និងរបួសធ្ងន់ ស្រាលចំនួន ៤៥នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមលោក ទូច សុឃៈបានឱ្យដឹងថា បើធៀបនឹងឆ្នាំមុនករណីគ្រោះថ្នាក់ចរាចរណ៍នាឆ្នាំនេះបានថយចុះ ៣ករណី អ្នកស្លាប់ថយចុះ ៩នាក់ និងអ្នករបួសថយចុះ ២នាក់។ សម្រាប់មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍លោកបានបញ្ជាក់ថា អ្នកបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ បត់មិនប្រយ័ត្ន ស្រវឹង និងកត្តាយានយន្ត។
គួររម្លឹកផងដែរថា កាលពីរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ៣០ករណី បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរបួសធ្ងន់ ស្រាលចំនួន ៤៧នាក់។
អ្នកនាំពាក្យបានរម្លឹកឱ្យអ្នកដំណើរទាំងអស់ ពិសេសពេលវិលត្រឡប់មករាជធានី និងទៅកាន់ទីតាំងរស់នៅ ឬបំពេញការងារផ្សេងៗត្រូវបើកបរគោរពច្បាប់ និងរក្សាស្មារតីប្រុងប្រយ័ត្នជានិច្ច៕

ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





