ចិន និងអាហ្វ្រិកខាងត្បូង បើកកិច្ចប្រជុំគណៈកម្មការទ្វេភាគីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ -- លោក ហាន់ ហ្សេង (Han Zheng) អនុប្រធានាធិបតីចិនបានជួបជាមួយលោក ភូល ម៉ាសាទីល (Paul Mashatile) អនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ និងបានធ្វើជាសហប្រធាននៃសម័យប្រជុំពេញអង្គលើកទី៩ នៃគណៈកម្មការទ្វេភាគីចិន-អាហ្វ្រិកខាងត្បូង។
នៅក្នុងសុន្ទរកថារបស់លោក លោក ហាន់ បាននិយាយថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាផូសា(Cyril Ramaphosa) ទំនាក់ទំនងចិន-អាហ្វ្រិកខាងត្បូង បានចូលដល់ «យុគសម័យមាស» ដែលត្រូវបានលើកកម្ពស់ទៅជាភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកំពុងឆ្ពោះទៅរកគោលដៅនៃការកសាងសហគមន៍កម្រិតខ្ពស់ជាមួយនឹងអនាគតរួមគ្នា។
លោក ហាន់ បាននិយាយថា នៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរនិងបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ ប្រទេសចិន និងអាហ្វ្រិកខាងត្បូងដែលជាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់សកលលោកខាងត្បូងមានផលប្រយោជន៍រួម និងកន្លែងធំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការ ដោយលោកបានកត់សម្គាល់ថា ទំនាក់ទំនងចិន-អាហ្វ្រិកខាងត្បូង លើសពីវិសាលភាពទ្វេភាគី និងបង្ហាញពីឥទ្ធិពលសកល និងយុទ្ធសាស្ត្រកាន់តែខ្លាំងឡើង។
លោក ហាន់ បានសម្តែងក្តីសង្ឃឹមថា អាជ្ញាធរក្នុងវិស័យផ្សេងៗនៃភាគីទាំងពីរនឹងបង្កើនការទំនាក់ទំនង និងការសម្របសម្រួល និងកំណត់គម្រោងសំខាន់ៗ និងជំហានសម្រាប់ការអនុវត្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាបាននូវផលចំណេញ និងលទ្ធផលកាន់តែច្រើន។
ចំពោះលោក ម៉ាសាទីល បាននិយាយថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងអាហ្វ្រិកខាងត្បូងកាលពី ២៨ឆ្នាំមុនទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍន៍ជាបន្តបន្ទាប់យ៉ាងស៊ីជម្រៅ។
ភាគីអាហ្វ្រិកខាងត្បូងមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរួមគ្នាជាមួយភាគីចិន ដើម្បីផ្តល់តួនាទីយ៉ាងសំខាន់ក្នុងការណែនាំ និងសម្របសម្រួលយន្តការគណៈកម្មការទ្វេភាគីក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី អនុវត្តន៍ផែនការសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ទាញយកអត្ថប្រយោជន៍ពីសក្តានុពលសហប្រតិបត្តិការ និងលើកកម្ពស់ទំនើបកម្មរួមគ្នា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





