ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៤៦គ្រួសារ ក្នុងស្រុកឱរ៉ាល់ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៤៦គ្រួសារ (ធម្យម ៨,ស្រាល ៣៦ ) ក្នុងឃុំត្រពាំងជោ និងឃុំសង្កែសាទប នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប្រធាន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹកលឹក និងសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ បង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ។ ជាមួយគ្នានោះ ឯកឧត្តមបានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងសូមនិយាយថាទេចំពោះគ្រឿងញៀន ដើម្បីឱ្យភូមិឃុំមានសុវត្ថិភាពល្អ។


អំណោយដែលបានផ្ដល់ជូនគ្រួសាររងគ្រោះមធ្យមរួមមាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ ប្រេងឆា ១ដប ឃីត១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកា ២០ម៉ឺនរៀល ។
អំណោយដែលបានផ្ដល់ជូនគ្រួសាររងគ្រោះស្រាលរួមមាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ ប្រេងឆា ១ដប និងថវិកា ១០ម៉ឺនរៀល ។


ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតប្រធាន និងលោកជំទាវ ព្រមទាំងសហការី បានប្រគេនសម្ភារៈរួមមាន៖ អង្ករ ១០០គីឡូក្រាម,មី ៤កេះ,ត្រីខ ៤យួរ,ប្រេងឆា ៤ដប,ទឹកត្រីទឹកស៊ីអ៊ីវ ៤យួរ និងបច្ច័យ ៥០ម៉ឺនរៀល ជូនព្រះគ្រូចៅអធិការវត្តត្រពាំងជោផងដែរ ៕


ដោយ ម៉ែន ប៊ុនធីម





