នាយករដ្ឋមន្ត្រីដាណឺម៉ាកលាលែងពីតំណែង ខណៈដែលការចរចារដ្ឋាភិបាលថ្មីបានចាប់ផ្តើម
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ -- កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី មេតតេ ហ្វ្រេដេរីកសេន (Mette Frederiksen)បានដាក់លិខិតលាលែងពីតំណែងរបស់រដ្ឋាភិបាលជាផ្លូវការទៅកាន់ព្រះមហាក្សត្រ ហ្វេ្រដេរីក អ៊ិច (Frederik X) ដោយបានចាប់ផ្តើមការចរចាដើម្បីបង្កើតរដ្ឋាភិបាលថ្មី។
យោងតាមសេចក្តីថ្លែងការណ៍មួយពីរាជវង្សដាណឺម៉ាកបានឱ្យដឹងថាកិច្ចប្រជុំនេះបានធ្វើឡើងនៅម៉ោង ១០:១៥នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅវិមាន Amalienborg ដែលជាព្រះរាជដំណាក់ផ្លូវការសម្រាប់រាជវង្សដាណឺម៉ាកនៅទីក្រុងកូពេនហាជេន។
បន្ទាប់ពីបានទូលថ្វាយព្រះមហាក្សត្រអំពីលទ្ធផលនៃការបោះឆ្នោតសភាកាលពីថ្ងៃអង្គារ លោកស្រី ហ្វ្រេដេរីកសេន បានស្នើសុំឱ្យតំណាងនៃគណបក្សដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងសភា Folketing ដែលជាសភាតែមួយរបស់ប្រទេសនេះ ហើយត្រូវបានអនុញ្ញាតឱ្យបញ្ចេញមតិរបស់ពួកគេលើការបង្កើតរដ្ឋាភិបាលថ្មី។
យោងតាមរាជវង្ស ដំណើរការបង្កើតរដ្ឋាភិបាលរបស់ប្រទេសដាណឺម៉ាកភាគច្រើនធ្វើតាមការអនុវត្តនយោបាយយូរអង្វែងជាជាងច្បាប់រដ្ឋធម្មនុញ្ញ។ ដោយផ្អែកលើអនុសាសន៍របស់គណបក្ស មេដឹកនាំការចរចាដែលត្រូវបានគេស្គាល់ផងដែរថាជាអ្នកស៊ើបអង្កេតរាជវង្ស ត្រូវបានតែងតាំងដើម្បីស្វែងយល់ពីលទ្ធភាពនៃការបង្កើតរដ្ឋាភិបាលថ្មី។
ការបោះឆ្នោតសភាកាលពីថ្ងៃអង្គារមិនបានផ្តល់នូវសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា Folketing ដែលមាន ១៧៩អាសនៈនោះទេ។គណបក្សសង្គមប្រជាធិបតេយ្យរបស់លោកស្រី ហ្វ្រេដេរីកសេន នៅតែជាគណបក្សធំជាងគេ ដោយទទួលបាន ៣៨អាសនៈ ខណៈដែលទាំង «ប្លុកក្រហម» ដែលមានទំនោរឆ្វេងនិយម និង «ប្លុកខៀវ» ដែលមានទំនោរស្តាំនិយម មិនបានឈ្នះ ៩០អាសនៈដែលត្រូវការសម្រាប់សំឡេងភាគច្រើននោះទេ។ គណបក្សកណ្តាលនិយម ដែលមាន ១៤អាសនៈត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាតួអង្គសំខាន់នៅក្នុងការចរចាបង្កើតរដ្ឋាភិបាលចម្រុះនាពេលខាងមុខ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





