សាកលវិទ្យាល័យតុចជីបង្កើតសហគមន៍និស្សិតអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ -- សហគមន៍និស្សិតអន្តរជាតិនៃសាកលវិទ្យាល័យតុងជី បានបើកជាផ្លូវការហើយនៅទីក្រុងសៀងហៃកាលពីពេលថ្មីៗនេះ ដោយស្វាគមន៍ក្រុមនិស្សិតដំបូងរបស់ខ្លួនដែលមានចំនួនជាង ២០០នាក់។ វាមានគោលបំណងពង្រឹងសេវាកម្មសង្គមសម្រាប់បណ្តុះទេពកោសល្យអន្តរជាតិ និងដើម្បីគាំទ្រដល់គោលដៅរបស់ទីក្រុងសៀងហៃក្នុងការក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសកលលោក។
ស្ថិតនៅក្នុងតំបន់ស្នូលនៃតំបន់វូជៀវឆាង ក្នុងស្រុកយ៉ាងពូ សហគមន៍នេះមានទំហំ ១៧.៨០០ម៉ែត្រក្រឡា។ វាមានអគារអន្តេវាសិកដ្ឋានចំនួនប្រាំ ដែលមានបន្ទប់ចំនួន៥១៩ និងអាចឱ្យនិស្សិតអន្តរជាតិស្នាក់នៅបានរហូតដល់ ៧៥៩នាក់ ដោយផ្តល់ជូននូវបរិយាកាសរស់នៅទំនើប និងបំពាក់បរិក្ខារយ៉ាងល្អៗ។
និស្សិតអន្តរជាតិម្នាក់ឈ្មោះ ចេង អានយី (Zheng Anyi) មកពីប្រទេសកាណាដា បាននិយាយថា «នេះមិនមែនគ្រាន់តែជាអន្តេវាសិកដ្ឋានទេ។ វាមានអារម្មណ៍ដូចជាផ្ទះមួយដែលអនុញ្ញាតឱ្យខ្ញុំផ្តោតការយកចិត្តទុកដាក់ទៅលើការសិក្សារបស់ខ្ញុំដោយសន្តិភាពនៃផ្លូវចិត្ត»។
ចំពោះលោក យ៉េ លីនលីន (Ye Linlin) អនុប្រធានគណៈកម្មការអប់រំទីក្រុងសៀងហៃ បាននិយាយថា ការបើកសហគមន៍នេះ គឺជាឧទាហរណ៍នៃគំរូសហការប្រកបដោយនវានុវត្តន៍រវាងរដ្ឋាភិបាល សាកលវិទ្យាល័យ និងសហគ្រាស។ លោក យ៉េ បានកត់សម្គាល់ថា វាផ្តល់នូវឧទាហរណ៍ថ្មីមួយអំពីរបៀបដែលធនធានសង្គមអាចត្រូវបានធ្វើឱ្យរស់ឡើងវិញ ដើម្បីបម្រើវិស័យអប់រំបានកាន់តែប្រសើរ។
លោក ចូវ ហៃយីង (Zhou Haiying) អភិបាលស្រុកយ៉ាងពូ បាននិយាយថា សហគមន៍នេះនឹងជួយទាក់ទាញយុវជនឆ្នើមៗមកពីជុំវិញពិភពលោកឱ្យមកសិក្សា ផ្លាស់ប្តូរគំនិត បង្កើតថ្មី និងចាប់ផ្តើមអាជីវកម្មនៅក្នុងស្រុកយ៉ាងពូ ដោយផ្តល់ជូននូវបរិយាកាសរស់នៅដែលមានគុណភាពខ្ពស់ មានផាសុកភាព និងមានសុវត្ថិភាព។
លោក ចូវ បានបន្ថែមថា គម្រោងនេះនឹងលើកកម្ពស់បន្ថែមទៀតនូវការចែករំលែកធនធាន និងភាពរឹងមាំបំពេញបន្ថែមរវាងស្រុក និងសាកលវិទ្យាល័យ ដោយបង្កើនភាពបើកចំហ និងការតភ្ជាប់របស់ស្រុកយ៉ាងពូជាមួយពិភពលោកកាន់តែទូលំទូលាយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





