មន្ត្រីក្រុមហេសបូឡាហ៍៖ សង្គ្រាមបើកចំហជៀសមិនរួចទេ បន្ទាប់ពីការកើនឡើងនៃភាពតានតឹងជាមួយអ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ -- លោក ម៉ាហ៍មូដ កូម៉ាទី (Mahmoud Qomati) អនុប្រធានក្រុមប្រឹក្សានយោបាយរបស់ក្រុមហេបូឡាហ៍ បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមយើង «គ្មានជម្រើសអ្វីក្រៅពីវិលត្រឡប់ទៅរកការតស៊ូវិញ» បន្ទាប់ពីទង្វើដែលលោកបានពិពណ៌នាថាជាការបន្តឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងប្រទេសលីបង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើទៅកាន់សាធារណជនលីបង់ លោក កូម៉ាទីបាននិយាយថា ក្រុមហេបូឡាហ៍បានអនុវត្តន៍ការអត់ធ្មត់អស់រយៈពេលជាច្រើនខែ ដោយសង្ឃឹមថាកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដោយរដ្ឋលីបង់នឹងនាំទៅរកការបញ្ចប់អរិភាព ការដកកងកម្លាំងអ៊ីស្រាអែលនិងការបញ្ឈប់អ្វីដែលលោកហៅថាការរំលោភបំពានប្រចាំថ្ងៃ។
លោក កូម៉ាទី បានថ្លែងថា «ការអត់ធ្មត់មានដែនកំណត់» ដោយលោកបានបន្ថែមថា ក្រុមយើងបានអនុវត្តន៍តាមកិច្ចព្រមព្រៀងឈប់បាញ់ និងបានប្រគល់អាវុធរបស់ខ្លួននៅភាគខាងត្បូងនៃទន្លេលីតានី ប៉ុន្តែអ៊ីស្រាអែលបានបន្តការវាយប្រហាររបស់ខ្លួន ខណៈពេលដែលរដ្ឋាភិបាលបរាជ័យក្នុងការទទួលបានផលប្រយោជន៍ទាក់ទងនឹងទឹកដី អ្នកជាប់ឃុំឃាំង ឬការកសាងឡើងវិញ។
លោក កូម៉ាទី បាននិយាយថា «ប្រសិនបើសត្រូវចង់ឱ្យវាក្លាយជាសង្គ្រាមបើកចំហ នោះសូមឱ្យវាក្លាយជាសង្គ្រាមបើកចំហ» ដោយលោកបានព្រមានថា ការឆ្លើយតបថ្មីៗរបស់ក្រុមហេបូឡាហ៍នឹងមិននៅតែជា«និមិត្តរូប» បន្ទាប់ពីទង្វើដែលលោកបានពិពណ៌នាថាជាការកើនឡើងចុងក្រោយរបស់អ៊ីស្រាអែលនោះទេ។
កាលពីថ្ងៃអង្គារនេះផងដែរ ប្រធានាធិបតីលីបង់ លោក ចូសេប អាអូន (Joseph Aoun) បានជំរុញឱ្យសមាជិកនៃគណៈកម្មាធិការ Quintet បង្កើនសម្ពាធលើអ៊ីស្រាអែលឱ្យបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើប្រទេសលីបង់ ដោយលោកបានបញ្ជាក់ជាថ្មីថា រដ្ឋលីបង់តែមួយគត់មានសិទ្ធិអំណាចលើការសម្រេចចិត្តអំពីសង្គ្រាម និងសន្តិភាព។
ការវិវត្តន៍ទាំងនេះកើតឡើងចំពេលមានភាពតានតឹងកើនឡើងតាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល ទោះបីជាមានបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំងដែលបានចូលជាធរមាននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក៏ដោយ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





