យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ក្នុងហេតុការណ៍រអិលបាក់ដីនៅភាគខាងកើត ប្រទេសកុងហ្គោ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ -- យោងតាមប្រភពដែលជិតស្និទ្ធនឹងរដ្ឋបាលមូលដ្ឋាន បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៧នាក់បានស្លាប់នៅក្នុងហេតុការណ៍រអិលបាក់ដីកាលពីថ្ងៃអង្គារនៅកន្លែងជីករ៉ែRubaya នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ដោយមានអ្នកផ្សេងទៀតត្រូវបានរាយការណ៍ថាបាត់ខ្លួន។
លោក ដាវីដ កាសេរេកា (David Kasereka) ជាអ្នកជីករ៉ែសិប្បកម្មនិងជាអ្នករស់នៅ កន្លែងជីករ៉ែ Rubaya បានប្រាប់សារព័ត៌មាន Xinhua ថា«ពិតជាមានការរអិលបាក់ដីបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំដែលគេស្គាល់ថាភ្នំ Kasasa។ ដីបានលេបត្របាក់មនុស្សជាច្រើននាក់។ យើងកំពុងរង់ចាំរបាយការណ៍ចំនួនអ្នកស្លាប់ជាផ្លូវការ»។
អណ្តូងរ៉ែ Rubaya ក្នុងខេត្តណសគីវូ គឺជាប្រភពដ៏សំខាន់នៃរ៉ែប្រភេទcoltan ហើយត្រូវបានគ្រប់គ្រងដោយក្រុមឧទ្ទាម March 23 Movement (M23) ចាប់តាំងពីឆ្នាំ២០២៤។ ក្រុម M23 មិនទាន់បានធ្វើអត្ថាធិប្បាយលើសោកនាដកម្មនេះនៅឡើយទេ។
នៅក្នុងខែមករា ឆ្នាំ២០២៦ យ៉ាងហោចណាស់អ្នកជីករ៉ែចំនួន ២០០នាក់បានស្លាប់បន្ទាប់ពីអណ្តូងរ៉ែជាច្រើនបានបាក់រលំនៅក្នុងកន្លែងជីករ៉ែRubaya។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចំនួនអ្នកស្លាប់អាចលើសពី ៤០០នាក់ដោយមិនរាប់បញ្ចូលអ្នកដែលបាត់ខ្លួន។
រ៉ែប្រភេទ Coltan ឬ columbite-tantalite គឺជាប្រភពសំខាន់នៃសារធាតុ tantalum ដែលជាលោហៈដ៏កម្រមួយដែលប្រើក្នុងការផលិតឧបករណ៍អេឡិចត្រូនិចទំនើប។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាអណ្តូងរ៉ែ Rubaya តែមួយមុខមានចំនួនប្រហែល ១៥% នៃការផ្គត់ផ្គង់សារធាតុ tantalum ទូទាំងពិភពលោក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





