លោក អឺដូហ្គេន៖ តួកគីនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតសម្រាប់បទឈប់បាញ់នៅអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ -- ប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីប អឺដូហ្គេន (Recep Tayyip Erdogan) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសតួកគីនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនៅគ្រប់កម្រិតរហូតដល់ការឈានដល់បទឈប់បាញ់លើប្រទេសអ៊ីរ៉ង់ ដោយលោកបានព្រមានថា ជម្លោះដ៏អូសបន្លាយនឹងបង្កឱ្យមានភាពចលាចលក្នុងតំបន់ និងពិភពលោក។
លោក អឺដូហ្គេន បានថ្លែងសន្ទរកថាក្នុងអំឡុងពេលអាហារពេលល្ងាចជាមួយសមាជិកនៃគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AK Party) ដែលកំពុងកាន់អំណាចរបស់លោកនៅទីក្រុងអង់ការ៉ាថា «ប្រទេសតួកគីប្តេជ្ញាពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិតរហូតដល់ការឈានដល់បទឈប់បាញ់លើប្រទេសអ៊ីរ៉ង់ និងភាពស្ងប់ស្ងាត់ត្រូវបានបង្កើតឡើង»។
លោកបានបន្ថែមថា «យើងចង់ឱ្យការបង្ហូរឈាមឈប់ ទឹកភ្នែកឈប់ហើយសម្រាប់តំបន់របស់យើងទីបំផុតសម្រេចបាននូវសន្តិភាពយូរអង្វែងដែលខ្លួនបានប្រាថ្នាជាយូរមកហើយ»។
លោក អឺដូហ្គេន បានព្រមានថា ការបន្តជម្លោះអ៊ីរ៉ង់បង្កហានិភ័យធ្ងន់ធ្ងរហួសពីព្រំដែនតំបន់ ដោយលោកបានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់អាចដោះស្រាយបន្ទុកបែបនេះបានទេ។
ខណៈពេលដែលលោកបានបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនអ៊ីរ៉ង់មេដឹកនាំតួកគីបានថ្កោលទោសការវាយប្រហារលើប្រទេសជិតខាងអ៊ីរ៉ង់ថាជា «ការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់លាស់»។
លោកបានមានប្រសាសន៍ថា «ប្រទេសតួកគីមានការសោកសៅយ៉ាងខ្លាំងដែលបានឃើញទុក្ខវេទនានៅក្នុងប្រទេសអ៊ីរ៉ង់ ជាកន្លែងដែលជនស៊ីវិល និងកុមារស្លូតត្រង់កំពុងរងទុក្ខវេទនាដោយសារជម្លោះនេះ»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





