ឯកឧត្ដម សាយ សំអាល់ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
AKPខេត្តព្រះសីហនុថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៦– ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ជើញចូលបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេបនៃសន្និបាតរបស់រដ្ឋបាលខេត្ត រយពេលពីរថ្ងៃ ក៏មានបទអន្តរាគមន៍របស់រដ្ឋបាលខេត្ត ក្រុង-ស្រុក និងមន្ទីរ-អង្គភាពចំនួន៧ លើប្រធានបទសំខាន់ៗដូចខាងក្រោម៖ ១.ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ២.ការលើកកម្ពស់អនាម័យ សំណង់រឹង រាវ និងការស្តារអូរប្រឡាយ ៣.ការគ្រប់គ្រងគ្រោះមហន្តរាយ ៤.ការរៀបចំក្រុង និងតំបន់ទេសចរណ៍ក្នុងមូលដ្ឋាន ៥.ការបង្កើនការការពារសន្តិសុខ សុវត្ថិភាពសាធារណៈ ការបង្ក្រាបក្មេងទំនើង និងគ្រឿងញៀន ៦.ការលើកកម្ពស់គុណភាពវិស័យអប់រំនៅខេត្តព្រះសីហនុ ៧.ការលើកកម្ពស់គុណភាពវិស័យសុខាភិបាលនៅខេត្តព្រះសីហនុ។ និងពិភាក្សារួមលើប្រធានបទចំនួន១ ទាក់ទងនឹងការចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសមមូល ៥លានដុល្លារចុះក្រោម ក្នុងគោល បំណងជម្រុញលើកទឹកចិត្តឱ្យមានការចុះបញ្ជីគម្រោងនេះឱ្យបានច្រើននៅរដ្ឋបាលថ្នាក់ក្រោមជាតិ។


អង្គសន្និបាតក៏បានកដាក់ចេញទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តដូចខាងក្រោម ១.បន្តចូលរួមគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការដាក់ចេញនូវគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ២.ខិតខំអនុវត្តគោល នយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិ ភាពរបស់រាជរដ្ឋាភិបាល។ ៣.ជំរុញការរៀបចំវេទិកាសាធារណៈដើម្បីស្តាប់នូវសំណើ សំណូមពរ និងបញ្ហាប្រឈមនានាដោយខិតខំដោះស្រាយឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។ ៤.បន្តខិតខំអភិវឌ្ឍសមត្ថភាពធនធានមនុស្សដោយប្រែក្លាយពីការប្រើកម្លាំងទៅជាការប្រើជំនាញ និងបញ្ញា។ ៥.ជំរុញការរៀបចំបរិស្ថាន អនា ម័យ សណ្តាប់ធ្នាប់របៀបរៀបរយក្នុងក្រុង ស្រុកទីប្រជុំជន តាមដងផ្លូវ និងតាមតំបន់ឆ្នេរសមុទ្រ។ ៦.បន្តខិតខំរៀបចំ និងគ្រប់គ្រងទឹកកខ្វក់ឱ្យបានល្អប្រសើរ ដើម្បីចៀសវាងការហូរចូលសមុទ្រធ្វើឱ្យប៉ះពាល់ដល់តំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់យើង។ ៧.ខិតខំដោះស្រាយទំនាស់ដីធ្លី បញ្ហាសំណង់មិនរៀបរយ និងជំរុញការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។ ៨.ជំរុញការអនុវត្តក្របខណ្ឌនយោបាយអាទិភាពរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោយសម្រេចឱ្យបាននូវការចុះបញ្ជីដីធ្លី ការដោះស្រាយវិវាទដីធ្លី ការផ្តល់សេវាសាធារណៈ ការរៀបចំទីក្រុង ការរៀបចំដែនដីនគរូបនីយកម្ម ការកែលម្អឆ្នេរសមុទ្រ និងការអភិវឌ្ឍផែទេសចរណ៍ ដែលមានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មគាំទ្រ។ ៩.ជំរុញវិស័យទេសចរណ៍ក្នុងខេត្ត តាមរយៈការផ្សព្វផ្សាយអំពីសម្រស់ និងសក្តានុពលទាក់ទាញ ការផលិតផលិតផលទេសចរណ៍ថ្មីៗបន្ថែម ការបង្កើតព្រឹត្តិការណ៍ផ្សេងៗ រួមទាំងការរៀបចំសេវាកម្ម និងបដិសណ្ឋារកិច្ចល្អ និងការលើកកម្ពស់ការតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងប្រទេសទាំងក្នុងតំបន់ និងអន្តរជាតិ។ ១០.ជំរុញការទាក់ទាញការវិនិយោគលើវិស័យសក្តានុពលសំខាន់ៗ និងបន្តជំរុញការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ រួមទាំងការអនុវត្តផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។


ឯកឧត្តម សាយ សំអាល់ បានធ្វើការកោតសរសើរ និងវាយតម្លៃ ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពពាក់ព័ន្ធ និងវិស័យឯកជនដែលបានចូលរួមអភិវឌ្ឍខេត្តព្រះសីហនុនាពេលកន្លងមក និងទៅពេលខាងមុខ ព្រមទាំងបានធ្វើការណែនាំដល់ក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ត្រូវថ្លឹងថ្លែងការងារ និងសមិទ្ធិផលរួមរបស់ប្រទេសជាតិ និងសមិទិ្ធផលដែលយើងសម្រេចបាន ព្រោះប្រទេសកម្ពុជាមានផ្លូវគមនាគមន៍តភ្ជាប់ពីខេត្តមួយទៅខេត្តមួយ ដើម្បីបន្តពូនជ្រុំដុសខាត់ឪ្យមានការរីកចម្រើនបន្ថែមទៀត។ ត្រូវមានសាមគ្គី ឯកភាពផ្ទៃក្នុងបុព្វហេតុរួមរបស់យើង ទន្ទឹមនោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ សឹករងខេត្ត និងប្រជាពលរដ្ឋរួមគ្នាបង្កាទប់ស្កាត់ Scam Online ឪ្យបាន១០០ភាគរយ ដើម្បីធានាសន្តិសុខ សុវត្តិភាពសាធា រណៈ ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ និងអ្នកវិនិយោគិន ហើយកិច្ចការបន្ត គឺការរៀបចំកែលម្អតំបន់ឆ្នេរ ចំណតរថយន្ត បន្ទប់ទឹកសាធារណ អនាម័យ បរិស្ថាន ព្រោះយើងមានឆ្នេរខ្សាច់ ១០៥កន្លែង ឆ្នេរថ្ម ៧កន្លែង និងព្រែក១០០ ស្របតាមសន្ទុះកំណើនសេដ្ឋកិច្ច និងការរីកចម្រើនរបស់ក្រុង ខេត្តរបស់យើង ដែលយើងទាំងអស់គ្នាត្រូវគិតគូរការពារអ្នកវិនិយោគ ក្នុងនោះក៏ត្រូវគិតគូរពីបញ្ហាទឹកស្អាត អគ្គិសនី សេវាទូរស័ព្ទ និងហេដ្ឋារចនាសម្ព័នថ្មីៗបន្ថែមទៀត ដើម្បីប្រែក្លាយខេត្តព្រះសី ហនុ ជាទីក្រុងស៊ីវីល័យ ដោយក៏សាងព្រំដែនមួយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងព្រំដែនមួយមានការអភិវឌ្ឍ ដើម្បីកសាងខឿនសេដ្ឋកិច្ច បង្កើនមុខរបរជូនប្រជាពលរដ្ឋ និងមានចំណូលកាន់តែល្អនាពេលខាងមុខ ៕


ដោយ៖ ងូ សុមុនី





