ជនជាតិប៉ាឡេស្ទីន ៣នាក់ស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ -- យោងតាមការការពារជនស៊ីវិលតំបន់ហ្គាហ្សា បានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន ៣នាក់ត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែលនៅទីក្រុងខាន់យូនីស ភាគខាងត្បូងតំបន់ហ្គាហ្សាកាលពីថ្ងៃចន្ទ។
លោក ម៉ាមូដ បាសាល់ (Mahmoud Basal) អ្នកនាំពាក្យការពារជនស៊ីវិលបានប្រាប់សារព័ត៌មាន Xinhua ថា អ្នកទាំងបីនាក់ត្រូវបានសម្លាប់នៅពេលដែលយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើជនជាតិប៉ាឡេស្ទីនមួយក្រុមនៅភាគខាងត្បូងទីក្រុងខាន់យូនីស។
លោក សាអេដ អាល់ អាមួរ (Saeed al-Amour) ដែលជាសាច់ញាតិរបស់ជនរងគ្រោះម្នាក់បានប្រាប់សារព័ត៌មាន Xinhua ថា ទោះបីជាមានបទឈប់បាញ់ក៏ដោយ កាំភ្លើងធំ និងការវាយប្រហារតាមអាកាសនៅតែបន្តហើយមានអ្នកស្លាប់ និងរបួស «ជារៀងរាល់ថ្ងៃ»។
យោងតាមប្រភព និងសាក្សីបានឱ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែលក៏បានវាយប្រហារតាមអាកាសចំនួន ២លើកនៅភាគខាងកើតតំបន់ហ្គាហ្សា ខណៈដែលកាំភ្លើងធំបានកំណត់គោលដៅលើតំបន់ Al-Mawasi ភាគខាងលិចទីក្រុងរ៉ាហ្វាហ៍ នៅភាគខាងត្បូង ហើយរថពាសដែកបានបាញ់នៅភាគអាគ្នេយ៍ទីក្រុងខាន់យូនីស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





