កម្ពុជា វៀតណាម រៀបចំវេទិកាកិច្ចសន្ទនាធុរកិច្ច ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី
AKPភ្នំពេញថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៦– កម្ពុជា វៀតណាម រៀបចំវេទិកាកិច្ចសន្ទនាធុរកិច្ច ឆ្នាំ២០២៦ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងវិនិយោគឱ្យកាន់តែស៊ីជម្រៅ។
នារសៀលថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងកិច្ចសន្ទនាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦ ដែលសហការរៀបចំដោយស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា និងសមាគមធុរកិច្ចកម្ពុជា-វៀតណាម។

កិច្ចសន្ទនានេះរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងវិនិយោគឱ្យកាន់តែស៊ីជម្រៅ ដោយមានការចូលរួមថ្លែងសុន្ទរកថាពីសំណាក់ឯកឧត្តម Nguyen Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសវៀតណាមប្រចាំកម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ានសម្រាប់កម្ពុជា, ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងឧកញ៉ា ឡេង ឬទ្ធី ប្រធានសមាគមធុរកិច្ចកម្ពុជា-វៀតណាម។
មានមតិក្នុងកិច្ចសន្ទនានេះ ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ក្នុងក្របខ័ណ្ឌវិនិយោគឯកជន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីមិត្តបាន និងកំពុងជំរុញការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើវិស័យសក្តានុពល ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នា ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចុះហត្ថលេខា សំដៅធានាឱ្យបាននូវផលប្រយោជន៍ជាអតិបរមា និងផ្តល់នូវភាពកក់ក្តៅជូនដល់វិនិយោគិន។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគជារួមនៅកម្ពុជា, ការប្រកាន់ខ្ជាប់នូវរបបវិនិយោគបើកចំហនិងសេរីដោយមិនមានការរើសអើង, សក្តានុពលធនធានធម្មជាតិដ៏សម្បូរបែបក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, ការបើកទូលាយនៃទីផ្សារនាំចេញតាមរយៈប្រព័ន្ធអនុគ្រោះពន្ធ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។
ឯកឧត្តមបានលើកឡើងពីវិស័យសក្តានុពលមួយចំនួនដូចជា ការកែច្នៃជ័រកៅស៊ូ, ការកែច្នៃស្វាយចន្ទី, ការកែច្នៃដំឡូងមី, ការកែច្នៃស្រូវ។ល។ ដែលវិនិយោគិនវៀតណាមអាចពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕
ដោយ៖ ចរិយា ប្រភព៖ CDC





