នាវាស្រាវជ្រាវកងទ័ពជើងទឹកប៊ុលហ្គារីទៅដល់មូលដ្ឋានអង់តាក់ទិកប៊ុលហ្គារីនៅលើកោះលីវីងស្តុន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ -- នាវាស្រាវជ្រាវកងទ័ពជើងទឹកប៊ុលហ្គារី Sv. Sv. Kiril i Metodii (RSV 421) បានទៅដល់ច្រាំងនៃកោះលីវីងស្តុន នៅមូលដ្ឋានអង់តាក់ទិកប៊ុលហ្គារី St. Kliment Ohridski ហើយ ដែលជាការចាប់ផ្តើមនៃដំណាក់កាលសកម្មនៃបេសកកម្មអង់តាក់ទិកលើកទី៣៤ របស់ប្រទេសប៊ុលហ្គារី។ នេះបើយោងតាមការលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក Flotilla Admiral Boyan Mednikarov ដែលជាសាស្ត្រាចារ្យនៅសាលាបណ្ឌិតសភាកងទ័ពជើងទឹកNikola Y. Vaptsarov។
លោក Mednikarov បានសរសេរថា «សូមឱ្យយើងទទួលស្គាល់នូវវិជ្ជាជីវៈ និងភាពក្លាហានរបស់មេបញ្ជាការនាវា លោក Radko Muevski និងក្រុមនាវិករបស់លោក ដែលមានមោទនភាពជាថ្មីម្តងទៀតក្នុងការលើកទង់ជាតិកងទ័ពជើងទឹកប៊ុលហ្គារីនៅក្នុងដែនទឹកនៃមហាសមុទ្រខាងត្បូង»។
នាវានេះបានចេញដំណើរពីតំបន់ពុនត្រាស អារេណាស់ របស់ប្រទេសឈីលី កាលពីប៉ុន្មានថ្ងៃមុន ដោយដឹកក្រុមអ្នកវិទ្យាសាស្ត្រ និងបុគ្គលិកភស្តុភារនៃវិទ្យាស្ថានអង់តាក់ទិកប៊ុលហ្គារីដំបូង ក៏ដូចជាអ្នកស្រាវជ្រាវអន្តរជាតិមកពីប្រទេសរ៉ូម៉ានី ម៉ុងតេណេហ្គ្រោ អេមីរ៉ាត់អារ៉ាប់រួម និងអេក្វាឌ័រ។ នាវានេះក៏បានដឹកជញ្ជូនអាហារ ប្រេងឥន្ធនៈ និងសម្ភារៈចាំបាច់ផ្សេងៗទៀតសម្រាប់ប្រតិបត្តិការមូលដ្ឋានអង់តាក់ទិកក្នុងរដូវកាលនេះផងដែរ។
នាវា RSV 421 បានចាកចេញពីទីក្រុងវ៉ារណា កាលពីថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយបានទៅដល់មូលដ្ឋានកងទ័ពជើងទឹកអាហ្សង់ទីននៅ Mar del Plata កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីការធ្វើដំណើររអស់យៈពេលមួយខែនៅលើមហាសមុទ្រអាត្លង់ទិក។ ចាប់តាំងពីការបើកដំណើរការមូលដ្ឋានឡើងវិញនៅពាក់កណ្តាលខែវិច្ឆិកាកន្លងមក បេសកកម្មវិទ្យាសាស្ត្រលើកទី៣៤ បានប្រមូលសំណាក និងធ្វើការស្រាវជ្រាវនៅក្នុងតំបន់ South Bay នៃកោះលីវីងស្តុន ដោយមានការគាំទ្រពីក្រុមភស្តុភារ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





