កម្ពុជា-វៀតណាម មានគោលដៅពង្រីកទំហំពាណិជ្ជកម្មឱ្យដល់២០ពាន់លានដុល្លារនាពេលខាងមុខ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦--កម្ពុជា និងវៀតណាម មានគោលដៅពង្រីកទំហំពាណិជ្ជកម្មឱ្យដល់ ២០ពាន់លានដុល្លារអាម៉េរិកនាពេលខាងមុខ។ មហិច្ឆតានេះត្រូវបានប្រកាសដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ង្វៀន មិញ វូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចសន្ទនាធុរកិច្ចឆ្នាំ២០២៦ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។

ដើម្បីឈានទៅសម្រេចផែនការនេះ ប្រទេសទាំងពីរ បានតភ្ជាប់បណ្ដាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ផ្ទេរឌីជីថល និងខ្សែផ្គត់ផ្គង់ឧស្សាហកម្ម ដំណើរការផលិតផល កសិកម្ម បង្កើនសកម្មភាពផ្សព្វផ្សាយវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ឥឡូវនេះ វាច្បាស់ណាស់ថា គោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ២០ពាន់លានដុល្លារដែលកំណត់ដោយប្រទេសទាំងពីរ មិនមែនគ្រាន់តែជាតួលេខដ៏ឆ្ងាយនោះទេ។ វាគឺជាគោលដៅជាក់ស្តែងមួយនៅក្នុងដៃរបស់យើង។ កំណើននេះត្រូវបានគាំទ្រដោយកិច្ចព្រមព្រៀងលើកកម្ពស់ ពាណិជ្ជកម្មទ្វេភាគីឆ្នាំ ២០២៥-២០២៦ ដែលផ្តល់នូវក្របខ័ណ្ឌស្ថាប័នចាំបាច់ដើម្បីធានាបាននូវលំហូរមូលធនដោយរលូនឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ។

ឯកឧត្តម ង្វៀន មិញ វូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅកម្ពុជា បានប្រសាសន៍ថា វៀតណាម-កម្ពុជា មានលក្ខខណ្ឌសមរម្យសម្រាប់សហគ្រាសនានា និងអ្នកវិនិយោគពីប្រទេសទាំងពីរដើម្បីបង្កើនសហប្រតិបត្តិការនៅលើមុខវិជ្ជាសេដ្ឋកិច្ចជាក់លាក់ក្នុងអនាគត។
ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ស្ថានទូត និង សមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា (VCBA) នឹងស្តាប់ និងកត់ត្រាសំណើ របស់សហគ្រាសវៀតណាម ចំពោះអាជ្ញាធរផ្នែករាជការរបស់រដ្ឋាភិបាលរបស់ប្រទេសទាំងពីរ។ ស្ថានទូត និង VCBA ក៏នឹងប្រមូល និងប្ដូរព័ត៌មានជាមួយអាជ្ញាធរ ក្នុងរយៈពេលខាងមុខ ដើម្បីបង្កើតបរិយាកាសវិនិយោគ និងអាជីវកម្មសម្រាប់សហគ្រាសវៀតណាម។
ឧកញ៉ា ឡេង រឹទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា (VCBA) បានលើកឡើងថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិងកម្ពុជាកំពុងប្រែខ្លួនផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាពនិងកាន់តែស៊ីជម្រៅលើផ្នែកបច្ចេកវិទ្យា កសិកម្មនិងថាមពលបៃតង។

ការប្រែខ្លួននេះត្រូវបានបង្ហាញឱ្យឃើញតាមរយៈការផ្លាស់ប្តូរ ជួបប្រជុំជាញឹកញាប់រវាងសហគ្រិន ពាណិជ្ជករប្រទេសទាំង ២ វៀតណាម និងកម្ពុជា ដើម្បីស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ តាមរយៈព្រឹត្តិការណ៍ផ្សេងៗ ដែលរៀបចំរួមគ្នាដោយក្រសួងឧស្សាហកម្ម ពាណិជ្ជកម្មវៀតណាម ក្រសួងពាណិជ្ជកម្មកម្ពុជា សមាគមមិត្តភាពវៀតណាម-កម្ពុជា និងខេត្តជាប់ព្រំដែននៃប្រទេសទាំង ២ វៀតណាម និងកម្ពុជា។
សូមជម្រាបជូនថា កិច្ចសន្ទនាធុរកិច្ចឆ្នាំ២០២៦ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងប្រតិភូប្រមាណ ២០០ នាក់ រួមមានពាណិជ្ជការ អាជីវករវៀតណាម ពាណិជ្ជការ អាជីវករ ដើមកំណើតវៀតណាម ដែលកំពុងវិនិយោគនិងធ្វើប្រតិបត្តិការនៅកម្ពុជា និងពាណិជ្ជការ អាជីវកក្នុងវិស័យថែទាំសុខភាព ទេសចរណ៍ បច្ចេកវិទ្យាព័ត៌មាន បរិវត្តកម្មឌីជីថល និងកសិកម្មក៏អញ្ជើញចូលរួមផងដែរ។ ក្រៅពីនៅះក៏មាន ការចូលរួមពីគណៈប្រតិភូធុរកិច្ចមកពីប្រទេសវៀតណាម ដូចជាគណៈប្រតិភូ ខេត្ត តៃនិញ ខេត្ត យ៉ាឡាយ ទីក្រុង ហូជីមិញ ទីក្រុង កឹនធើ ខេត្ត ឡឹមដុង និងសមាគមពាណិជ្ជករវៀតណាមនៅបរទេស (BAOOV)...

នេះគឺជាវេទិកាប្រចាំឆ្នាំដែលរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ ចែករំលែក បទពិសោធន៍ រវាង សហគ្រិនជំវិញសកម្មភាពវិនិយោគ អាជីវកម្មនៅទីផ្សារកម្ពុជា លើកកម្ពស់សកម្មភាពវិនិយោគនិងអាជីវកម្ម របស់សហគ្រិន វៀតណាម នៅប្រទេសកម្ពុជា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរនាពេលខាងមុខ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ សិរី ឧត្តម





