កូរ៉េខាងត្បូងរាយការណ៍ពីករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សីថ្មី ៣ករណីនៅកសិដ្ឋានចិញ្ចឹមបសុបក្សី
AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ -- ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺគ្រុនផ្តាសាយបក្សី ដែលបង្កឡើងនៅកសិដ្ឋានចិញ្ចឹមសត្វចំនួនបីកាលពីថ្ងៃពុធ ដែលនាំឱ្យចំនួនករណីសរុបនៅរដូវកាលនេះកើនដល់ ២១ករណី។
ករណីទាំងនេះត្រូវបានរកឃើញនៅកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងនៅតំបន់អានសឹង ខេត្តក្យឹងគី កសិដ្ឋានចិញ្ចឹមទាមួយកន្លែងនៅតំបន់កូចាង ខេត្តជេអុលឡាខាងជើង និងកសិដ្ឋានចិញ្ចឹមទាមួយកន្លែងទៀតនៅតំបន់ណាជូ ខេត្តជេអុលឡាខាងត្បូង។ នេះបើយោងតាមទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះមហន្តរាយកណ្តាល។
អាជ្ញាធរបានរឹតត្បិតការចូលទៅក្នុងកសិដ្ឋានទាំងនោះ ហើយបានចាប់ផ្តើមសម្លាប់សត្វ និងស៊ើបអង្កេតការផ្ទុះឡើងនៃជំងឺនេះ។
ពួកគេក៏បានបញ្ជាឱ្យផ្អាកជាបណ្ដោះអាសន្នទៅលើកសិដ្ឋាន និងយានយន្តកសិកម្មនៅក្នុងតំបន់ដែលរងផលប៉ះពាល់ផងដែរ។
ការត្រួតពិនិត្យនឹងធ្វើឡើងនៅកសិដ្ឋានចិញ្ចឹមទាដែលមានទំនាក់ទំនងជាមួយកសិដ្ឋានចិញ្ចឹមទាពីរដែលរងផលប៉ះពាល់ ក៏ដូចជាកសិដ្ឋានចិញ្ចឹមទាទាំងអស់នៅក្នុងខេត្តជេអុលឡាខាងជើង។
មន្ត្រីក្រសួងកសិកម្មក៏នឹងត្រូវបានបញ្ជូនទៅកាន់តំបន់អានសឹង និងតំបន់ជឹនណាង ក្នុងខេត្តជុងចឹងខាងត្បូង ជាកន្លែងដែលមានលទ្ធភាពខ្ពស់នៃករណីឆ្លងបន្ថែមទៀតផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





