ប្រជាជនឥណ្ឌូណេស៊ី ១៥លាននាក់រស់នៅក្នុងតំបន់ហានិភ័យនៃភ្នំភ្លើងសកម្ម ១២៧ភ្នំ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ -- ទីភ្នាក់ងារភូគព្ភសាស្ត្រនៃក្រសួងថាមពល និងធនធានរ៉ែរបស់ឥណ្ឌូណេស៊ី (ESDM) បាននិយាយថាក្នុងចំណោមភ្នំភ្លើងប្រហែល៥០០ នៅក្នុងប្រទេសឥណ្ឌូណេស៊ី មានភ្នំភ្លើងចំនួន១២៧ ជាភ្នំភ្លើងសកម្ម។
លោក ព្រីអាទីន ហាឌី វីចាយ៉ា (Priatin Hadi Wijaya) ប្រធានមជ្ឈមណ្ឌលសម្រាប់ភ្នំភ្លើង និងការកាត់បន្ថយគ្រោះថ្នាក់ភូមិសាស្ត្រ(PVMBG) នៃទីភ្នាក់ងារភូគព្ភសាស្ត្រ បាននិយាយថា នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៥ មានភ្នំភ្លើងចំនួនបីដែលមានកម្រិត III ឬកម្រិតត្រៀមលក្ខណៈ គឺភ្នំភ្លើងម៉េរ៉ាពី នៅក្នុងតំបន់ពិសេសយ៉ូកយ៉ាកាតា និងកោះចាវ៉ាកណ្តាល ភ្នំភ្លើងសេម៉េរុ នៅកោះចាវ៉ាខាងកើត និងភ្នំភ្លើងឡេវ៉ូតូប៊ី ឡាគី-ឡាគី នៅខេត្តនូសាតេងការ៉ាខាងកើត។ ភ្នំភ្លើងចំនួន២៤ ផ្សេងទៀតស្ថិតក្នុងកម្រិត II ឬកម្រិតប្រកាសអាសន្ន។
លោកបានពន្យល់ថា ចំនួនមនុស្សដែលរស់នៅជុំវិញភ្នំភ្លើងក្នុងកម្រិតប្រកាសអាសន្ន និងកម្រិតត្រៀមលក្ខណៈ ត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រហែល ១៥លាននាក់។ ដូច្នេះ ការត្រៀមខ្លួន និងការអនុលោមតាមអនុសាសន៍ គឺមានសារៈសំខាន់ណាស់ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ។
ទីភ្នាក់ងារភូគព្ភសាស្ត្របច្ចុប្បន្នកំពុងដំណើរការប៉ុស្តិ៍សង្កេតភ្នំភ្លើងចំនួន៧៤ និងតាមដានភ្នំភ្លើងសកម្មចំនួន៦៩ នៅក្នុងប្រទេសឥណ្ឌូណេស៊ីតាមពេលវេលាជាក់ស្តែង។ ការត្រួតពិនិត្យត្រូវបានរឹតបន្តឹងនៅចុងឆ្នាំនេះខណៈដែលការចល័តរបស់សហគមន៍មានការកើនឡើង និងស្របពេលជាមួយនឹងកម្រិតកំពូលនៃរដូវវស្សា។
លោកបានបន្ថែមថា ភ្នំភ្លើងមួយចំនួនត្រូវបានកត់ត្រានូវកម្រិតសកម្មភាពខ្ពស់ និងប្រវត្តិផ្ទុះដ៏យូរ រួមទាំងភ្នំភ្លើងម៉េរ៉ាពី ភ្នំភ្លើងសេម៉េរុភ្នំភ្លើងអាណាក់ ក្រាកាតូ ភ្នំភ្លើងកេលូដ និងភ្នំភ្លើងស៊ីណាប៊ុងជាដើម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





