រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ និងប្រធានចារកម្មតួកគី បំពេញទស្សនកិច្ចការងារនៅប្រទេសស៊ីរី
AKP ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសតួកគី លោកហាកាន់ ហ្វីដាន់ (Hakan Fidan) រដ្ឋមន្ត្រីការពារជាតិតួកគី លោក យ៉ាសារ គូល័រ (Yasar Guler) និងប្រធានចារកម្មតួកគី លោក អ៊ីប្រាហ៊ីម កាលីន(Ibrahim Kalin) បានបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីដាម៉ាសរបស់ប្រទេសស៊ីរីកាលពីថ្ងៃចន្ទ។
យោងតាមព័ត៌មានដែលទទួលបានពីប្រភពក្រសួងការបរទេសតួកគីបានឱ្យដឹងថា លោក ហ្វីដាន់ លោក គូល័រ និងលោក កាលីន នឹងជួបជាមួយប្រធានាធិបតីស៊ីរី លោក អាម៉ាដ អាល់-ស្សារ៉ា (Ahmad al-Sharaa) និងមន្ត្រីស៊ីរីដទៃទៀត ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចនេះ។
កិច្ចប្រជុំទាំងនោះត្រូវបានគេរំពឹងថានឹងវាយតម្លៃយ៉ាងទូលំទូលាយអំពីគន្លងនៃទំនាក់ទំនងតួកគី-ស៊ីរីក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះទៅលើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ បន្ទាប់ពីខួបលើកទីមួយនៃការផ្តួលរំលំរបបលោក បាសា អាសាដ (Bashar Assad)។
កិច្ចពិភាក្សាទាំងនោះនឹងផ្តោតសំខាន់ទៅលើវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងថ្ងៃទី១០ ខែមីនា ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងអាទិភាពសន្តិសុខជាតិរបស់ប្រទេសតួកគី។
ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងដោះស្រាយហានិភ័យសន្តិសុខដែលកំពុងលេចឡើងនៅភាគខាងត្បូងប្រទេសស៊ីរី ដែលបណ្តាលមកពីសកម្មភាពឈ្លានពានរបស់អ៊ីស្រាអែល។
នៅក្នុងបរិបទនៃផលប្រយោជន៍រួមរបស់ប្រទេសតួកគី និងស៊ីរី ក៏ដូចជាការចូលជាសមាជិកថ្មីរបស់ស៊ីរីទៅក្នុងសម្ព័ន្ធភាពអន្តរជាតិដើម្បីកម្ចាត់ពួកDaesh (ICD) កិច្ចសហប្រតិបត្តិការដែលមានគោលបំណងទប់ស្កាត់ការលេចចេញជាថ្មីនៃក្រុមភេរវករ Daesh (ISIS) ដែលស្វែងរកការកេងប្រវ័ញ្ចភាពងាយរងគ្រោះដែលអាចកើតមាននៅលើទឹកដីស៊ីរី ក៏នឹងត្រូវបានពិភាក្សាផងដែរ។
បន្ថែមពីលើបញ្ហាសន្តិសុខ ដែលនឹងបង្កើតជាចំណុចសំខាន់នៃកិច្ចពិភាក្សា របៀបវារៈរួមមានការពិនិត្យមើលឡើងវិញនូវគម្រោងទ្វេភាគីដែលកំពុងត្រូវបានអនុវត្តសម្រាប់ការកសាងឡើងវិញរបស់ប្រទេសស៊ីរី និងការវាយតម្លៃទៅលើកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រគំនិតផ្តួចផ្តើមកសាងសមត្ថភាពរបស់រដ្ឋាភិបាលស៊ីរី៕





