ឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក នឹងបន្តកិច្ចចរចាពន្ធគយឡើងវិញនៅក្នុងខែវិច្ឆិកានេះ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រទេសឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមកិច្ចចរចាឡើងវិញ ស្តីពីកិច្ចព្រមព្រៀងពន្ធគយទៅវិញទៅមក នៅក្នុងខែវិច្ឆិកានេះ បន្ទាប់ពីការពន្យារពេលដែលបណ្តាលមកពីការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។
រដ្ឋមន្ត្រីក្រសួងសម្របសម្រួលសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក អ៊ែរឡាងហ្កា ហាតាតូ (Airlangga Hartarto) បានបញ្ជាក់ថា បញ្ហាភាគច្រើនត្រូវបានដោះស្រាយហើយ ដោយមានតែសេចក្តីព្រាងច្បាប់ប៉ុណ្ណោះដែលនៅតែកំពុងពិភាក្សា។ កិច្ចពិភាក្សាជុំបន្ទាប់ត្រូវបានគេរំពឹងថានឹងធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅសាធារណរដ្ឋកូរ៉េ ជាកន្លែងដែលប្រធានាធិបតីនៃប្រទេសទាំងពីរកំពុងចូលរួម។
ចំណុចសំខាន់មួយនៃកិច្ចពិភាក្សា គឺបញ្ជីទំនិញដែលត្រូវបានលើកលែងពន្ធគយ។ លោក អ៊ែរឡាងហ្កា បាននិយាយថា ឥណ្ឌូណេស៊ីអាចទទួលបានលក្ខខណ្ឌស្រដៀងគ្នាទៅនឹងលក្ខខណ្ឌសម្រាប់ប្រទេសម៉ាឡេស៊ីនៅក្នុងកិច្ចព្រមព្រៀងថ្មីៗរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក រួមទាំងពន្ធគយសូន្យទៅលើផលិតផលដែលសហរដ្ឋអាមេរិកមិនផលិតក្នុងស្រុក ដូចជាប្រេងដូង កាកាវ និងកៅស៊ូជាដើម។ ឥណ្ឌូណេស៊ីក៏បានស្នើសុំការលើកលែងសម្រាប់ទំនិញខ្សែសង្វាក់ផ្គត់ផ្គង់វេជ្ជសាស្ត្រ និងឧស្សាហកម្មសំខាន់ៗផ្សេងទៀតផងដែរ។
ក្របខ័ណ្ឌពន្ធគយដែលបានស្នើឡើង បានគូសបញ្ជាក់ពីពន្ធ ១៩% ទៅលើការនាំចេញរបស់ឥណ្ឌូណេស៊ីទៅកាន់សហរដ្ឋអាមេរិក ការលុបបំបាត់ពន្ធគយ ៩៩% សម្រាប់ទំនិញអាម៉េរិកដែលនាំចូលទៅក្នុងប្រទេសឥណ្ឌូណេស៊ី និងសម្បទានពាណិជ្ជកម្មបន្ថែម។ ប្រទេសទាំងពីរបានបង្ហាញទំនុកចិត្តថា កិច្ចពិភាក្សាជុំបន្ទាប់នឹងនាំទៅរកកិច្ចព្រមព្រៀងចុងក្រោយ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





