ទុយនីស៊ី និងលីប៊ី សន្យាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ -- យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយរដ្ឋាភិបាលទុយនីស៊ី បានឱ្យដឹងថា លោកស្រី សារ៉ា ហ្សាហ្វ្រានី ហ្សេនហ្ស៍រី (Sarra Zaafrani Zenzri)នាយករដ្ឋមន្ត្រីទុយនីស៊ីបានជួបជាមួយលោក ម៉ូហាមេដ អាល់ វេច (Mohamed al-Hwej) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មលីប៊ី ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងទុយនីស កាលពីថ្ងៃពុធ ដោយភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា អ្នកទាំងពីរបានពិនិត្យឡើងវិញនូវលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការពាណិជ្ជកម្មរួមទុយនីស៊ី-លីប៊ី ដែលបានធ្វើឡើងនៅថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងទ្រីប៉ូលី។
លោកស្រី ហ្សេនហ្ស៍រី បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសទុយនីស៊ីក្នុងការបង្កើន និងធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសលីប៊ី ក៏ដូចជាការជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចរវាងប្រទេសជិតខាងទាំងពីរ។
លោកស្រីក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងមុតមាំរបស់ប្រទេសទុយនីស៊ីចំពោះជម្រើសអធិបតេយ្យភាពរបស់ប្រជាជនលីប៊ី ដោយលោកស្រីគូសបញ្ជាក់ថាបញ្ហាប្រទេសលីប៊ីនៅតែជាបញ្ហាផ្ទៃក្នុងដែលគ្មានការជ្រៀតជ្រែកពីបរទេស។
ចំពោះលោក អាល់ វេច បានអំពាវនាវឱ្យមានការសម្របសម្រួលស្តង់ដារដើម្បីធានាបាននូវលំហូរទំនិញរលូនឆ្លងកាត់ព្រំដែន។ លោកក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនការអភិវឌ្ឍវិស័យឯកជន ការលើកកម្ពស់ឌីជីថលូបនីយកម្មនៃនីតិវិធីរដ្ឋបាល និងការលុបបំបាត់ឧបសគ្គចំពោះពាណិជ្ជកម្ម៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





