ប្រមុខការពារជាតិកូរ៉េខាងត្បូងជួបពិភាក្សាជាមួយមន្ត្រីមកពីអង្គការណាតូ រូម៉ានី និងអារ៉ាប៊ីសាអូឌីត
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ -- ការិយាល័យរបស់រដ្ឋមន្ត្រីការពារជាតិបាននិយាយថា លោក អាន យូប៊េក (Ahn Gyu-back) កាលពីថ្ងៃចន្ទបានជួបពិភាក្សាទ្វេភាគីជាមួយមន្ត្រីជាន់ខ្ពស់មកពីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ប្រទេសរូម៉ានី និងអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងឧស្សាហកម្មអាវុធ។
យោងតាមក្រសួងការពារជាតិបានឱ្យដឹងថា នៅក្នុងជំនួបជាមួយលោក រ៉ាដមីឡា សេកេរីនស្កា (Radmila Shekerinska) អគ្គលេខាធិការរងនៃអង្គការណាតូ លោក អាន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរបស់ពួកគេ និងបានស្នើសុំការគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតសន្តិភាពនៅលើឧបទ្វីបកូរ៉េ។
លោក អាន បានជួបដាច់ដោយឡែកមួយទៀតជាមួយលោក រ៉ាឌូ ឌីណែល មីរូតា (Radu-Dinel Miruta) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចសហគ្រិនភាព និងទេសចរណ៍របស់ប្រទេសរូម៉ានី ហើយបានស្នើសុំការគាំទ្រសម្រាប់ក្រុមហ៊ុនការពារជាតិកូរ៉េខាងត្បូងដែលកំពុងស្វែងរកការចូលរួមក្នុងការដេញថ្លៃរបស់ប្រទេសនេះដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន។
ប្រមុខការពារជាតិក៏បានជួបពិភាក្សាជាមួយលោក ហ្វាយយាដហ៍ ប៊ីន ហាមេដ អាល់ រូវ៉ៃលី (Fayyadh bin Hamed Al Ruwaili) ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំណង់ និងថាមពល ក៏ដូចជាឧស្សាហកម្មការពារជាតិ និងសព្វាវុធ។
ក្រសួងបាននិយាយថា លោក អាន បានសង្កត់ធ្ងន់ថា សមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលដែលរីកចម្រើនរបស់ប្រទេសកូរ៉េខាងជើង កំពុងបង្កការគំរាមកំហែងដល់សហគមន៍អន្តរជាតិ ចំណែកឯលោក អាល់ រូវ៉ៃលី បានសម្តែងការគាំទ្ររបស់លោកចំពោះគោលនយោបាយរបស់ទីក្រុងសេអ៊ូលលើប្រទេសកូរ៉េខាងជើង។
កិច្ចពិភាក្សាបានធ្វើឡើងនៅខាងក្រៅនៃពិព័រណ៍អាកាសចរណ៍ និងការពារជាតិអន្តរជាតិទីក្រុងសេអ៊ូល ដែលជាពិព័រណ៍ពាណិជ្ជកម្ម និងវិស័យការពារជាតិដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលពីរឆ្នាំដែលដំណើរការរហូតដល់ថ្ងៃសុក្រ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





