រវ៉ាន់ដា និងសេណេហ្គាល់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន៥ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ -- ប្រទេសរវ៉ាន់ដា និងសេណេហ្គាល់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួន ៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពសំខាន់ៗដែលមានផលប្រយោជន៍ទៅវិញទៅមក។
ពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីក្រុងគីហ្គាលី រដ្ឋធានីនៃប្រទេសរវ៉ាន់ដា ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃរបស់ប្រធានាធិបតីសេណេហ្គាល់ លោក បាសស៊ីរូ ឌីអូម៉ាយេ ហ្វាយេ (Bassirou Diomaye Faye) ។ ប្រធានាធិបតីរវ៉ាន់ដា លោក ភូល កាហ្គាមេ (Paul Kagame) និងលោក ហ្វាយេ បានធ្វើជាសាក្សីនៃការចុះហត្ថលេខានេះ បន្ទាប់ពីបានពិភាក្សាគ្នាលើផ្នែកដែលមានសារៈសំខាន់ជាយុទ្ធសាស្រ្តរួមគ្នា។
កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត សេវាកម្ម និងលិខិតឆ្លងដែនធម្មតា ក៏ដូចជាកិច្ចសហការក្នុងវិស័យកសិកម្ម សុខភាព សេវាកែតម្រូវ និងគំនិតផ្តួចផ្តើមទស្សនៈវិស័យឆ្នាំ២០៥០។
នៅក្នុងសុន្ទរកថារបស់លោក កាហ្គាមេ បាននិយាយថា មេដឹកនាំទាំងពីរមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអនាគតរបស់ទ្វីបអាហ្វ្រិកជាពិសេសតួនាទីរបស់យុវជនរបស់ខ្លួន។ លោកបានបន្ថែមថា ប្រទេសរវ៉ាន់ដា និងសេណេហ្គាល់ត្រូវបានដឹកនាំដោយគុណតម្លៃរួម ផ្តល់អាទិភាពដល់មនុស្ស ការផ្តល់លទ្ធផល ការស្វែងរកភាពក្លាហាន និងទស្សនវិស័យនៃការផ្លាស់ប្តូរ។
លោកបានមានប្រសាសន៍ថា «យើងក៏ចែករំលែកនូវចក្ខុវិស័យដែលពឹងផ្អែកលើខ្លួនឯង ហើយដឹកនាំដោយអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍរួមបញ្ចូលគ្នា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





