ប្រធានាធិបតីប៊ុលហ្គារី និងហុងគ្រីបង្ហាញពីភាពជាដៃគូថាមពលដ៏រឹងមាំ
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ -- ប្រធានាធិបតីប៊ុលហ្គារីលោក រូមេន រ៉ាដេវ (Rumen Radev) និងសមភាគីហុងគ្រីដែលកំពុងបំពេញទស្សនកិច្ចគឺលោក តាម៉ាស់ ស៊ុលយ៉ុក (Tamas Sulyok០ បានសង្កត់ធ្ងន់លើការពឹងផ្អែកទៅវិញទៅមករបស់ប្រទេសទាំងពីរ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការថាមពលអំឡុងកិច្ចប្រជុំរបស់ពួកគេកាលពីថ្ងៃចន្ទ។
លោក រ៉ាដេវ បានពណ៌នាអំពីទំនាក់ទំនងប៊ុលហ្គារី-ហុងគ្រីថាជា«ឧទាហរណ៍នៃភាពជាដៃគូ និងការសន្ទនាក្នុងន័យស្ថាបនានៅគ្រប់កម្រិតទាំងអស់» ដោយលោកបានកោតសរសើរដល់កិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់ពួកគេក្នុងវិស័យវិទ្យាសាស្ត្រ ការអប់រំ វប្បធម៌ និងវិស័យការពារជាតិ។
លោកបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយជោគជ័យក្នុងវិស័យថាមពល។ លោកបាននិយាយថា «ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើពិពិធកម្មការផ្គត់ផ្គង់ឧស្ម័ន និងការកសាងទំនាក់ទំនងអន្តរកម្មថ្មីជាមួយប្រទេសជិតខាងរបស់យើង ប្រទេសប៊ុលហ្គារីបានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់នៃសន្តិសុខថាមពលរួចទៅហើយ»។
ចំណែកលោក ស៊ុលយ៉ុក បានហៅប្រទេសប៊ុលហ្គារីថា «ជាសម្ព័ន្ធមិត្តដ៏សំខាន់សម្រាប់ប្រទេសហុងគ្រី» ដោយលោកបាននិយាយថា ប្រទេសទាំងពីរអាចពឹងផ្អែកលើគ្នាទៅវិញទៅមកក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនយោបាយ និងការពារជាតិ ក៏ដូចជាក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ។
លោក ស៊ុលយ៉ុក បានបន្ថែមថា «ប្រទេសប៊ុលហ្គារីគឺជាដៃគូពិសេសមួយក្នុងការដឹកជញ្ជូនឧស្ម័ន ដោយសារប្រទេសហុងគ្រីមិនមានប្រភពថាមពលធំនោះទេ ហើយដោយសារតែហេតុនេះហើយ ទើបប្រទេសប៊ុលហ្គារីគឺជាដៃគូដែលមានសុវត្ថិភាព និងស្ថិរភាពបំផុតរបស់យើងដែលជាអ្នកធានាការផ្គត់ផ្គង់ឧស្ម័ន»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





