រុស្ស៊ីជឿជាក់ថាឥណ្ឌានឹងបន្តសហការទៅលើធនធានថាមពល
AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ -- នៅពេលធ្វើការអត្ថាធិប្បាយទៅលើសុន្ទរកថារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ(Donald Trump) ដែលត្រូវបានចោទប្រកាន់ដោយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារេនដ្រា ម៉ូឌី (Narendra Modi) ទាក់ទងនឹងបណ្តាប្រទេសនៅអាស៊ីខាងត្បូងដែលនឹងមិនទិញប្រេងពីរុស្ស៊ី ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាឡិចសាន់ដឺរ ណូវ៉ាក់ (Alexander Novak) បាននិយាយថា រុស្ស៊ីមានទំនុកចិត្តថា ឥណ្ឌានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសនេះទៅលើការផ្គត់ផ្គង់ធនធានថាមពល។
លោក ណូវ៉ាក់ បាននិយាយថា «យើងបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូមិត្តភាពរបស់យើង។ ធនធានថាមពលរបស់យើង គឺស្ថិតនៅក្នុងតម្រូវការ វាមានលទ្ធភាពសេដ្ឋកិច្ច សមហេតុផល ហើយខ្ញុំមានទំនុកចិត្តថាដៃគូរបស់យើងនឹងបន្តសហការជាមួយយើង ធ្វើអន្តរកម្ម និងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការថាមពល»។
លោកបានបន្ថែមថា «យើងឃើញតែសញ្ញានៅក្នុងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ (ដែលថាឥណ្ឌានឹងឈប់ទិញប្រេងរុស្ស៊ី)។ ដៃគូរបស់យើងសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់អាចកំណត់ពួកគេបានទេ ហើយពួកគេនឹងជ្រើសរើសផ្លូវរបស់ពួកគេ»។
នៅពេលមុននេះ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក រ៉ាន់ហៀ ចៃស្វាល់ (Randhir Jaiswal) បាននិយាយថា អាជ្ញាធរឥណ្ឌាផ្តោតសំខាន់ទៅលើអាទិភាពអ្នកប្រើប្រាស់នៅក្នុងតំបន់នៃការនាំចូលថាមពល។
យោងតាមលោក ត្រាំ បានឱ្យដឹងថា លោក ម៉ូឌី បានធានាចំពោះលោកថា ឥណ្ឌានឹងមិនទិញប្រេងពីរុស្ស៊ីទេ។ លោកថា នេះមិនអាចធ្វើបានភ្លាមៗទេ ប៉ុន្តែដំណើរការបានចាប់ផ្តើមហើយ ហើយវានឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ។ សេចក្តីថ្លែងការណ៍របស់មេដឹកនាំអាម៉េរិកនេះបានបង្កប់ន័យថា ការទិញទាំងនោះនឹងបន្តឡើងវិញ ប្រសិនបើស្ថានការណ៍នៅអ៊ុយក្រែនត្រូវបានដោះស្រាយ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឥណ្ឌា លោក រ៉ាជេស អាហ្រ្កាវ៉ាល់ (Rajesh Agrawal) បានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ទីក្រុងញូវដែលីមិនបានច្រានចោលទេនូវលទ្ធភាពនៃការបង្កើនការទិញថាមពលរបស់ខ្លួនពីសហរដ្ឋអាមេរិកដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មដែលធ្វើឱ្យភាគីអាម៉េរិកព្រួយបារម្ភ និងផ្តល់កម្លាំងរុញច្រានដល់កិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





