ទីក្រុងហ្សាកាតាប្រកាសអាសន្នសម្រាប់បញ្ហាកាកសំណល់
AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌូណេស៊ី លោក ហានីហ្វ ហ្វៃសូល នូរ៉ូហ្វីក (Hanif Faisol Nurofiq)បាននិយាយថា ទីក្រុងហ្សាកាតាឥឡូវនេះកំពុងចូលទៅក្នុងស្ថានភាពអាសន្ននៃបញ្ហាកាកសំណល់ ដែលទាមទារឱ្យមានសកម្មភាពជាបន្ទាន់ដើម្បីកាត់បន្ថយការផលិតកាកសំណល់របស់ខ្លួន។
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានចេញបទប្បញ្ញត្តិប្រធានាធិបតីលេខ១០៩នៃឆ្នាំ២០២៥ ទាក់ទងនឹងការគ្រប់គ្រងកាកសំណល់ក្នុងទីក្រុងដែលកែច្នៃទៅជាថាមពលកកើតឡើងវិញ ដោយផ្អែកលើបច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលកំណត់សិទ្ធិអំណាចរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានដើម្បីកំណត់ស្ថានភាពសង្គ្រោះបន្ទាន់នៃបញ្ហាកាកសំណល់។
លោកបានបន្ថែមថា ទីក្រុងបាន់ឌុងក៏បានចូលទៅក្នុងស្ថានភាពអាសន្ននៃបញ្ហាកាកសំណល់នេះដែរ ហើយអភិបាលខេត្តចាវ៉ាខាងលិចត្រូវតែដោះស្រាយបញ្ហានេះភ្លាមៗ។
លោករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីRefuse-Derived Fuel (RDF) នៅក្នុងឧស្សាហកម្មស៊ីម៉ងត៍ និងការសាងសង់កន្លែងព្យាបាលខ្នាតតូច និងមធ្យមនៅទូទាំងប្រទេស។
ទិន្នន័យពីប្រព័ន្ធព័ត៌មានគ្រប់គ្រងកាកសំណល់ជាតិ (SIPSN) របស់ក្រសួងបរិស្ថាន បានបង្ហាញថា ទីក្រុងហ្សាកាតាបានបង្កើតកាកសំណល់ចំនួន៨.៦០០តោនក្នុងមួយថ្ងៃកាលពីក្នុងឆ្នាំ២០២៣ ដែលស្មើនឹងជាង ៣,១៤លានតោនសម្រាប់រយៈពេលពេញមួយឆ្នាំ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





