សិង្ហបុរីប្ដេជ្ញាចិត្តបង្កើតបរិស្ថានសាយប័រដែលមានសុវត្ថិភាព
AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ -- ច្បាប់មួយដែលបានដាក់នៅក្នុងសភារបស់ប្រទេសសិង្ហបុរីកាលពីពេលថ្មីៗនេះ បានស្នើឡើងនូវវិធានសម្រាប់ការផ្តល់សិទ្ធិអំណាចដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់តាមអនឡាញ ដើម្បីស្វែងរកការជួយទាន់ពេលវេលា និងទទួលបានសំណងដែលជាផ្នែកមួយនៃវិធានការពង្រឹងសុវត្ថិភាព និងការការពារតាមអនឡាញ។
ដោយត្រូវបានណែនាំដោយក្រសួងអភិវឌ្ឍន៍ឌីជីថល និងព័ត៌មាន(MDDI) និងក្រសួងច្បាប់ (MinLaw) ច្បាប់ស្តីពីសុវត្ថិភាពអនឡាញ(ជំនួយសង្គ្រោះ និងគណនេយ្យភាព) មានគោលបំណងបង្កើតគណៈកម្មការសុវត្ថិភាពអនឡាញថ្មី (OSC) មួយ ដែលជាទីភ្នាក់ងារដែលនឹងគ្រប់គ្រងយន្តការរាយការណ៍ច្បាប់សម្រាប់ជនរងគ្រោះ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់គ្រោះថ្នាក់តាមអនឡាញដែលត្រូវបានបញ្ជាក់។
គណៈកម្មការ OSC នឹងក្លាយជាប្រតិបត្តិការនៅចុងឆមាសទីមួយនៃឆ្នាំ២០២៦ ដោយដោះស្រាយការបង្កគ្រោះថ្នាក់តាមអនឡាញចំនួន០៥ប្រភេទ គឺការយាយីតាមអនឡាញ (រួមទាំងការបៀតបៀនផ្លូវភេទតាមអនឡាញ) ការផ្តល់ជាសាធារណៈនូវព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនអំពីបុគ្គល ឬស្ថាប័នតាមរយៈអនឡាញដោយគ្មានការអនុញ្ញាតិ ការលួចមើលតាមអនឡាញ ការរំលោភលើរូបភាពស្និទ្ធស្នាល និងការរំលោភបំពានលើរូបភាពរបស់កុមារ។
ប្រភេទផ្សេងទៀតនៃការបង្កគ្រោះថ្នាក់តាមអនឡាញនឹងត្រូវបានបន្ថែម រួមទាំងការក្លែងបន្លំតាមអនឡាញ ការរំលោភបំពានលើសម្ភារៈមិនពិតប្រាកដ ការញុះញង់លើអនឡាញនៃការខូចខាតមិនសមាមាត្រ ការញុះញង់ឱ្យមានអំពើហិង្សា ឬជាសត្រូវ ការចេញផ្សាយព័ត៌មានមិនពិត ឬសេចក្តីថ្លែងការណ៍ដែលបង្កគ្រោះថ្នាក់ដល់កេរ្តិ៍ឈ្មោះ និងការលាតត្រដាងព័ត៌មានឯកជនដោយមិនមានការយល់ព្រម។
យោងតាមការស្ទង់មតិនាពេលថ្មីៗនេះដោយក្រសួង MDDI ស្ទើរតែ៨៥% នៃអ្នកឆ្លើយតបនៅក្នុងប្រទេសសិង្ហបុរីបានជួបប្រទះនឹងមាតិកាអនឡាញដែលបង្កគ្រោះថ្នាក់ ហើយជាង ៣០% ធ្លាប់មានបទពិសោធន៍លើអនឡាញដែលបង្កគ្រោះថ្នាក់កាលពីក្នុងឆ្នាំកន្លងទៅ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





