ឥណ្ឌូណេស៊ីចាប់ផ្តើមការជួញដូរកាបូនអន្តរជាតិឡើងវិញបន្ទាប់ពីផ្អាកអស់រយៈពេលបួនឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ -- ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) បានចេញក្រឹត្យថ្មីមួយដើម្បីចាប់ផ្តើមការជួញដូរការបញ្ចេញកាបូនអន្តរជាតិឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេល ០៤ឆ្នាំ។
ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានចេញច្បាប់ទីផ្សារកាបូននៅក្នុងឆ្នាំ២០២១ ដែលផ្តោតទៅលើទីផ្សារកាបូនដែលអនុលោមភាពជាជាងប្រតិបត្តិការនៅក្នុងទីផ្សារស្ម័គ្រចិត្ត។ ច្បាប់នេះមានប្រសិទ្ធភាពបញ្ចប់ការជួញដូរឥណទាន-ការបំភាយកាបូនឆ្លងព្រំដែនទាំងអស់ រួមទាំងគម្រោងដែលបង្កើតចេញពីគម្រោងធំៗ ដូចជាគម្រោងអភិរក្ស Katingan Mentaya ផងដែរ។
ប្រទេសឥណ្ឌូណេស៊ីបាននិយាយថា ការផ្អាកនេះបានអនុញ្ញាតឱ្យប្រទេសនេះផ្តល់អាទិភាពដល់ការសម្រេចគោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួនជាជាងការលក់នូវការកាត់បន្ថយទៅក្រៅប្រទេសជាពិសេសចំពេលដែឡមានការព្រួយបារម្ភថា តម្លៃកាបូនទាបពេក ហើយប្រទេសអ្នកលក់មិនទទួលបានអត្ថប្រយោជន៍ពីទីផ្សារ។
ក្រឹត្យថ្មីរបស់ប្រធានាធិបតីនេះអនុញ្ញាតឱ្យមានការធ្វើពាណិជ្ជកម្មអន្តរជាតិនៅក្នុងអង្គភាពកាបូន-ការទូទាត់ដែលអាចបន្តឡើងវិញបានដោយអនុលោមតាមស្តង់ដារជាតិរបស់ឥណ្ឌូណេស៊ី ឬជាមួយនឹងស្តង់ដារដែលកំណត់ដោយអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ និងវិញ្ញាបនបត្រអន្តរជាតិផ្សេងទៀត។
លោកប្រធានាធិបតី ប្រាបូវ៉ូ គ្រោងនឹងបង្កើតលំហូរទុនពីការលក់កាបូនទៅឱ្យអ្នកទិញបរទេសតាមរយៈគម្រោងមួយចំនួន ដូចជាគម្រោងអភិរក្សព្រៃឈើជាដើម។
នៅក្នុងឆ្នាំ២០២៥ ឥណ្ឌូណេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកជាមួយអង្គការអន្តរជាតិដែលបញ្ជាក់គម្រោងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលរួមមានគម្រោង Verra គម្រោងស្តង់ដារមាស គម្រោងក្រុមប្រឹក្សាកាបូនមាស គម្រោងផែនការ Vivo និងយន្តការផ្តល់ឥណទានរួម។ កិច្ចព្រមព្រៀងទាំងនោះត្រូវបានគេរំពឹងថានឹងជួយសម្រួលដល់ពាណិជ្ជកម្មកាបូនអន្តរជាតិ និងការវិនិយោគបរទេស ដើម្បីគាំទ្រដល់គោលដៅអាកាសធាតុរបស់ប្រទេសឥណ្ឌូណេស៊ី៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





