ការវាយប្រហារជាច្រើនបានកើតឡើងនៅភាគខាងត្បូងប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ -- យ៉ាងហោចណាស់មនុស្ស១៤នាក់បានរងរបួស ដោយក្នុងនោះមាន ០៤នាក់បានរងរបួសធ្ងន់កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅពេលដែលពួកសកម្មប្រយុទ្ធបានបំផ្ទុះពីចម្ងាយនូវឧបករណ៍បំផ្ទុះដែលលាក់កំបាំង (IED) ដែលលាក់នៅក្នុងគុម្ពោតក្បែរហាងតែមួយក្នុងស្រុកយីង៉ ខេត្តណារ៉ាធីវ៉ាត់ នៅភាគខាងត្បូងប្រទេសថៃ។
មន្រ្តីប៉ូលិសបាននិយាយថា មន្រ្តីចំនួន ០៣នាក់ និងជនស៊ីវិល ០៣នាក់បាននៅក្នុងហាងតែនោះនៅពេលដែលការផ្ទុះបានកើតឡើង ដែលមានចម្ងាយប្រហែល ២០០ម៉ែត្រពីប៉ុស្តិ៍ប៉ូលិស យីង៉។ ការបំផ្ទុះនោះក៏បានធ្វើឱ្យជនស៊ីវិលជាច្រើននាក់រងរបួសនៅក្នុងរថយន្តភីកអាប់មួយគ្រឿងដែលឆ្លងកាត់តំបន់នោះ។ ក្នុងចំណោមអ្នករងរបួសទាំងអស់នោះ ក៏មានស្ត្រីអាយុ៧៩ឆ្នាំម្នាក់ផងដែរ ដែលត្រូវបានបញ្ជូនទៅមកាន់ន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាល។
ក្រោយការផ្ទុះ មន្រ្តីប៉ូលិសបានបិទតំបន់នោះ ហើយក្រុមកម្ចាត់គ្រាប់បែកត្រូវបានដាក់ពង្រាយដើម្បីស្វែងរកឧបករណ៍បំផ្ទុះបន្ថែមទៀតដែលអាចត្រូវបានបន្សល់ទុកនៅកន្លែងកើតហេតុ។
នៅពេលមុននោះ កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅក្នុងស្រុកសៃបុរី ខេត្តប៉ាត់តានី នៅភាគខាងត្បូងប្រទេសថៃ ដែលបណ្តាលឱ្យមន្ត្រីប៉ូលិសព្រំដែនម្នាក់ស្លាប់។ ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលក្រុមមន្រ្តីប៉ូលិសព្រំដែនត្រូវបានបញ្ជូនទៅកាន់ទីតាំងដែលគេជឿថាជាកន្លែងលាក់ខ្លួនរបស់ពួកបះបោរ។ តំបន់នោះត្រូវបានធានាសុវត្ថិភាព ហើយមន្ត្រីកំចាត់អាវុធជាតិផ្ទុះត្រូវបានបញ្ជូនទៅពិនិត្យរក IEDs បន្ថែមទៀត។
នៅក្នុងប្រតិបត្តិការនោះ ការបាញ់គ្នាមួយបានផ្ទុះឡើង ដែលបណ្តាលឱ្យមន្ត្រីប៉ូលិសម្នាក់ និងអ្នកបះបោរម្នាក់ស្លាប់។
ខេត្តប៉ាត់តានី រួមជាមួយខេត្តយ៉ាឡា និងខេត្តណារ៉ាធីវ៉ាត់ គឺជាខេត្តភាគខាងត្បូងបំផុតទាំងបីរបស់ប្រទេសថៃ ដែលរងផលប៉ះពាល់ជាយូរមកហើយដោយការវាយប្រហារដោយកាំភ្លើង និងការទម្លាក់គ្រាប់បែកដែលធ្វើឡើងដោយពួកបះបោរបំបែកខ្លួន។
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បាននិយាយក្នុងអំឡុងធ្វើអធិការកិច្ចនាពេលថ្មីៗនេះថារដ្ឋាភិបាលនឹងសម្របសម្រួលជាមួយភ្នាក់ងារសន្តិសុខពាក់ព័ន្ធទាំងអស់ដើម្បីដោះស្រាយបញ្ហាសន្តិសុខនៅក្នុងខេត្តជាប់ព្រំដែន ក្នុងគោលបំណងស្តារសន្តិភាព និងស្ថិរភាពយូរអង្វែងនៅភាគខាងត្បូង៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





