លោក លី ជួបជាមួយម្ចាស់ក្សត្រីស៊ុយអែតដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ -- ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា លោក លី ជេយ៉ុង (Lee Jae Myung) បានជួបជាមួយម្ចាស់ក្សត្រីស៊ុយអែត ព្រះនាង វីកតូរៀ (Victoria) កាលពីថ្ងៃពុធដើម្បីពិភាក្សាអំពីវិធីធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ។
លោក លី បានជួបជាមួយព្រះនាង វីកតូរៀ ដែលជាកូនច្បងរបស់ស្តេចខាលទី១៦ ព្រះអង្គម្ចាស់ ហ្គូស្ទាហ្វ (Carl XVI Gustaf) និងជាអ្នកស្នងមរតកក្នុងរាជបល្ល័ង្ក ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការលើកដំបូងរបស់ព្រះនាងទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេល ១០ឆ្នាំ។ ព្រះនាងត្រូវបានអមដំណើរដោយព្រះអង្គម្ចាស់ ដានីញ៉ែល (Daniel) និងគណៈប្រតិភូសេដ្ឋកិច្ច។
អ្នកនាំពាក្យប្រធានាធិបតី លោកស្រី កាង យូជុង (Kang Yu-jung)បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោក លី បាននិយាយថាលោកចង់អភិវឌ្ឍន៍បន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិទាំងពីរទៅកាន់វិស័យជាច្រើន រួមទាំងបច្ចេកវិទ្យាទំនើប និងថាមពលកកើតឡើងវិញផងដែរ។
លោកក៏បានកោតសរសើរចំពោះការរួមចំណែករបស់ប្រទេសស៊ុយអែតចំពោះសន្តិភាពនៅឧបទ្វីបកូរ៉េ និងបានសម្តែងក្តីសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តធ្វើការរួមគ្នាដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ក្នុងអំឡុងកិច្ចពិភាក្សា លោក លី ក៏បានកត់សម្គាល់ពីក្តីស្រលាញ់ផ្ទាល់ខ្លួនរបស់លោកចំពោះប្រទេសស៊ុយអែត ដោយលើកឡើងពីក្រុមចម្រៀងប៉ុប ABBA និងពានរង្វាន់ណូបែលអក្សរសិល្ប៍ឆ្នាំ២០២៤ ដែលផ្តល់ដោយបណ្ឌិតសភាស៊ុយអែតដល់អ្នកនិពន្ធប្រលោមលោកកូរ៉េខាងត្បូងលោក ហាន់ កាង (Han Kang) ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





